ផ្ទះអ្នកកាសែតកម្ពុជាថ្មី១ខ្នងត្រូវភ្លើងឆេះខ្ទេចខ្ទីអស់ គិតជាទឹកប្រាក់ជាង៥០០០០ដុល្លារ

ចេញផ្សាយ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ 2020
ខេត្តបន្ទាយមានជ័យ៖ ផ្ទះ១ខ្នង ក្រោមថ្ម លើឈើ ដែលមានទទឹង ៨ម៉ែត្របណ្តោយ២០ម៉ែត្រត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រោយផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ អេម ពៅ ជាភ្នាក់ងារកាសែត កម្ពុជាថ្មី ប្រចាំខេត្តបន្ទាយមានជ័យ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បើតាមការអះអាងរបស់លោក អេម ពៅ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះ ភ្លើងបានឆេះចេញពីជាន់លើមួយសន្ទុះស្រាប់តែភ្លើងឆេះពេញបន្ទុកស្របពេលនោះមានអ្នកជិតខាង ជួយយកទ្រព្យសម្បត្តិចេញពីកន្លែងភ្លើងឆេះ ហើយជួយបាញ់ទឹកពន្លត់ តែដោយសារតែភ្លើងឆេះពេញបន្ទុកមិនអាចបាញ់ទឹកពន្លត់បាន។ភ្លាមនោះដែរគេបានឃើញរថយន្តពន្លត់អគ្គីសភ័យរបស់ស្នងការខេត្តបន្ទាយមានជ័យ មានកំលាំងរបស់នគរបាលពន្លត់អគ្គីសភ័យ កំលាំងរបស់អាវុធហត្ថខេត្ត កំលាំងរបស់យោធាខេត្ត និងមន្ត្រីមូលដ្ឋានក្រុងសិរីសោភ័យ និងកំលាំងសង្កាត់អូរអំបិល បានពួកដៃគ្នាជួយពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ ដោយសារកំលាំងទឹកបាញ់ចេញពីរថយន្ត និងភ្លៀងធ្លាក់មកជួយបន្ថែមទៀត ធ្វើឲ្យភ្លើងស្រាកម្តងមន្ទិចៗ ២ម៉ោងក្រោយមកទើបភ្លើងរលត់អស់ទាំងស្រុង មិនបណ្តាលឲ្យរាលឆ្លងដល់ផ្ទះជិតខាងឡើង។ លោក អេម ពៅ បានបញ្ជាក់ឲ្យដឹងទៀតថា ទ្រព្យសម្បត្តិក្នុងផ្ទះភ្លើងឆេះអស់ទាំងស្រុងបើគិតជាទឹកប្រាក់ប្រហែលជាង ៥០០០០ដុល្លារ។

ក្នុងនោះសមត្ថកិចុចបានធ្វើការសន្និដ្ឋានថា ភ្លើងឆេះនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ក្រោយពីកើតហេតុហើយ ម្ចាស់ផ្ទះបានត្រឹមតែអង្គុយមើលទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះ ស្ទើរតែសន្លប់បាត់បង់ស្មារតីទាំងប្តី និងប្រព័ន្ធ ពាក្យចាស់លោកថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ” សូម្បីតែសត្វក៏មិនសល់ដែរ ៕