ប្រជាពលរដ្ឋ៧៥នាក់ នាំគ្នាទៅដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នង នៅស្រុកតាវែង ខេត្តរតនគិរី

(រតនគិរី)៖ ប្រជាពលរដ្ឋចំនួន៧៥នាក់ ជាមួយនឹងមធ្យោបាយធ្វើដំណើរម៉ូតូ៤០គ្រឿង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បាននាំគ្នាសម្រុកទៅដុតបំផ្លាញ ទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នង ត្រង់ចំណុចអូរឡាប៉ង ស្ថិតក្នុងភូមិតាបូក ឃុំតាវែង លើស្រុកតាវែង ខេត្តរតនគិរី។

ប្រភពពីកម្លាំងនគរបាលបានឱ្យនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា ក្រោយពីទទួលព័ត៌មានកម្លាំងនគរបាលស្រុកតាវែង បានសហការគ្នាចុះត្រួតពិនិត្យ និងស៊ើបអង្កេតករណីខាងលើនេះបានឲ្យដឹងថា ដោយសារមន្ត្រីឧទ្យានុរក្សចំនួន៤នាក់ មានទី១៖ ឈ្មោះ បាន អន (ដឹកនាំ),ទី២៖ ឈ្មោះ ទុំ វ័ន,ទី៣៖ ឈ្មោះ សាយ សំអាន និងទី៤៖ ឈ្មោះ ជា ប៊ុនលឿ បានចុះដកហូតដីចំការដោយវាយផ្លាកសញ្ញាលើដើមឈើ ដោយសរសេរថា (ដីនេះត្រូវដកហូត) ព្រមទាំងដុតខ្ទមចាំចំការរបស់ប្រជាពលរដ្ឋចំនួន២កន្លែង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

ប្រភពព័ត៌មានដដែលខាងលើបន្តថា ដោយសារតែមានគំនុំជាមួយមន្ត្រីឧទ្យាននុរក្ស ទើបពួកគេគៀរគរគ្នាជិត១០០នាក់ មកដុតបំផ្លាញទីស្នាក់ការឧទ្យានជាតិវរៈជ័យ នោះចោលតែម្តង។ សម្ភារខូចខាតរួមមាន៖ អង្ករចំនួន១បេ, ឆ្នាំងចំនួន៦, អង្រឹងចំនួន៤, អាគុយចំនួន១, កានដាក់ទឹកចំនួន៣, ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹក។

ជាមួយគ្នានឹងសកម្មភាពប្រជាពលរដ្ឋលើកគ្នា មកដុតបំផ្លាញទីស្នាក់ការចោលខាងលើនេះដែរលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានដឹងដែរថា ពួកគាត់លើកគ្នាមកដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ត្រូវតែប្រឈមមុខចំពោះមុខច្បាប់។ លោកថា ឥលូវនេះកំណត់មុខសញ្ញាមេខ្លោងបានហើយ កំពុងតែរៀបចំឯកសារបញ្ជូន ទៅសាលាដំបូងខេត្តរតនគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់៕