សម្ដេចព្រះសង្ឃនាយកនន្ទង៉ែត៖ និមន្តភិក្ខុ ឡុង ចន្ថា ឲ្យចូលមកដោះស្រាយ នៅសាលាគណខេត្តតាកែវ
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ សម្តេចព្រះសង្ឃនាយក នន ង៉ែត បានប្រគេន ព្រះវិន័យសំវរ កែវ សាវ៉ន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមង្គលទិព្វលោករង្សីព្រះមេគណខេត្តតាកែវ កម្មវត្ថុ ករណីនិមន្ត ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ឲ្យចូលមកដោះស្រាយ នៅសាលាគណខេត្តតាកែវ (វត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ)។
សេចក្តីដូចមានក្នុងកម្មវត្ថុខាងលើ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេនព្រះមេគណជ្រាបថា ប៉ុន្មានថ្ងៃមកនេះ ព្រះពុទ្ធសាសនាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយ ភិក្ខុ ឡុង ចន្ថា បានធ្វើទំនាក់ទំនងជាមួយស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គមដែលប្រាសចាកធម៌វិន័យរបស់ខ្លួន ធ្វើឲ្យធ្លាក់ចុះតម្លៃព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ។
អាស្រ័យហេតុនេះ សូមព្រះមេគណ កោះនិមន្ត ភិក្ខុរូបនេះ មកធ្វើការដោះស្រាយបញ្ហានេះ នៅសាលាគណខេត្តជាបន្ទាន់ ក្នុងករណីភិក្ខុរូបនេះ មិនព្រមចូលមកក្នុងសង្ឃសវនាការសាលាគណខេត្ត ត្រូវសហការជាមួយធអាជ្ញាធរ ដែលមានសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល បន្ទាប់ពីធ្វើរបាយការណ៍មកគណៈសង្ឃនាយក ៕