នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

(ភ្នំពេញ) ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមាន ជ័យទី៣ បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសក៏ជួបប្រទៈឃើញជនសង្ស័យ២នាក់គួរឲ្យសង្ស័យឃាត់ខ្លួនសួរនាំ ស្រាប់តែឆែករកឃើញគ្រឿងញៀន ៥កញ្ចប់ធំតូច ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចលូ ៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

លោក ឯម ភារី មេប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ ខេន វាសនា ហៅស្នា ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅស្នាក់នៅភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។ និងទី២មានឈ្មោះ ពូក សុភ័ណ្ឌ ហៅ គោ ភេទប្រុសអាយុ៣៤ឆ្នាំស្នាក់នៅបន្ទាប់ជួលនៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

លោកបានបន្ដថា មុនពេលកើតហេតុនៅ វេលាខាងលើកម្លាំងប៉ុស្ដិ៍ចេញល្បាតដើម្បីទប់ស្កាតបទល្មើសផ្សេងៗ ក៏ប្រទៈឃើញជនសង្ស័យឈ្មោះ ខេន វាសនា កំពុងអង្គុយលើម៉ូតូដោយសារសង្ស័យកម្លាំងបានឃាត់ត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀនចំនួន៥កញ្ចប់ធំតូចនៅក្បែរម៉ូតូ ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍តែម្ដង ។

លោកបានបន្ថទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេន វាសនា រួចជន សង្ស័យខាងលើបានឆ្លើយប្រាប់សមត្ថកិច្ចថា ថ្នាំញៀនទាំងអស់នោះគឺជារបស់ជនសង្ស័យឈ្មោះ ពូក សុភ័ណ្ឌដែលបានបោះចោលនៅក្បែរម៉ូតូរបស់ខ្លួនទេ លុះដល់វេលាម៉ោង៩ កម្លាំងសមត្ថកិច្ចក៏បានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ពូក សុភ័ណ នៅចំណុចមាត់ប្រឡាយលូ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យយកមកធ្វើការសាកសួរប៉ុស្ដិ៍តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕