កំពូលចោរជាអតីតប៉ូលិស “អាកណ្ដោ” យកឈេីចាក់ធ្មេញឆ្កឹះសោរខ្នោះ រត់គេចពីតុលាការបាត់៩ខែ ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យ ក្របួចបានដដែល ពេលជិះឌុបគ្នាដេីររកលួចម៉ូតូអ្នកភូមិណាទុកប្រហែស!

រាជធានីភ្នំពេញ ៖ កំពូលចោរឆ្កឹះសោរ ដ៏ស្ទាត់ជំនាញ រហ័សនាម អាកណ្ដុរ ដែលឆ្កឹះសោរខ្នោះ លួចរត់ចេញពី សាលាដំបូងរាជធានីភ្នំពេញ កាលពី៩ខែមុននោះ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាប់ឃាត់ខ្លួន បាន ហេីយ ខណៈពេលជិះម៉ូតូឌុបបក្ខពួកម្នាក់ទៀត ចេញដើររកលួច កាច់ក .ម៉ូតូ របស់ប្រជាពលរដ្ឋ ណា ដែលទុក ប្រហែស មកដល់ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី១ បែរជា ត្រូវកម្លាំងល្បាតប្រទះឃើញ ក៏ឃាត់សួរនាំ សុំត្រួតពិនិត្យ រកឃើញ ឧបករណ៍ កាច់សោរ ក.មួយឈុត ទេីបចាប់ឃាត់ខ្លួនវាយខ្នោះ យកមកសាកសួរចម្លេីយតែម្ដង កាលពីវេលាម៉ោង០១:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារិ៍ ទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុច ផ្លូវបេតុង អត់លេខ ក្រោយផ្សារសឡា ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនឈានដល់ការឃាត់ខ្លួនជនត្រូវចោទនិងជនសង្ស័យខាងលេីនេះ លោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់អោយក្រុមការងារ TNB ដឹងថា ដោយមានការដឹកនាំ និងចង្អុលបង្ហាញរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាអោយកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧ សហការមួយកម្លាំងអន្តរាគមន៍ពិសេស បង្កេីនការយកចិត្តទុកដាក់ចេញល្បាត ក្នុងមូលដ្ឋាន ទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗ និងត្រៀមលក្ខណៈចេញអន្តរាគមន៍ រាល់ពេលប្រជាពលរដ្ឋត្រូវការ ចុះជួយរឿងបន្ទាន់ៗផងដែរ ។ ជាក់ស្ដែងខណៈពេលកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ ដែលដឹកនាំដោយរូបលោកផ្ទាល់ជាប្រធានក្រុមអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចេញល្បាតមកដល់ក្រោយផ្សារសឡា ដែលជាចំណុចឃាត់ខ្លួនខាងលេី ក៏ប្រទះឃើញពួកគេទាំងពីរ (ជនត្រូវចោទ និងជនសង្ស័យ) កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីចាស់ ឌុបគ្នា តាមផ្លូវ ដោយមានសភាពគួរឲ្យសង្ស័យ ទេីប កម្លាំងល្បាតឃាត់សួរនាំ ស្រាប់តែជនសង្ស័យ បានទម្លាក់ វត្ថុតាង ចោល តែត្រូវកម្លាំងឃាត់ និងសុំធ្វេីការត្រួតពិនិត្យខ្លួនប្រាណ និងរេីសវត្ថុតាងនោះមកពិនិត្យមេីលរកឃើញ មានដែកចុងស្រួលចំនួន ០១, សោរទីបលេខ៨ ចំនួន០១, និងដែកសរសៃចំនួន ០១ ដែលលាក់ក្នុងប្រអប់ពណ៍ខ្មៅ ទេីបចាប់ដកហូត និងវាយខ្នោះនាំខ្លួនមកសាកសួរនាំនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។
ជនត្រូវចោទដែលដោះសោរខ្នោះលួចរត់ចេញពីតុលាការនោះមាន ឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអតីតមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពន់ មានស្រុកកំណេីតនៅភូមិព្រែកភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅម្ដុំចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យទី២.ឈ្មោះ លី តុងហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ២៣៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមសម្តីរបស់លោកវរសេនីយ៍ត្រី ម៉ៅ សាវឿន នាយប៉ុស្តិ៍ ស្ទឹងមានជ័យ១ បានបញ្ជាក់ថា ជនត្រូវចោទ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ នៅពេលដែលរូបគេធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ។ ហេីយកាលពីម៉ោង០៤:៥០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ អំឡុងពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង ឡុង ជាប បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ពីបទលួច រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមច្បាប់។ ហេីយនៅគ្រាដែលនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ចូលទៅបន្ទប់ យកដីកាឃុំខ្លួននជនត្រូវចោទពីលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ បែរជាជនត្រូវចោទ បានលួចយកឈេីចាក់ធ្មេញនិងជេីងធុប មកលួចដោះខ្នោះដៃបានយ៉ាងងាយស្រួល និងរត់គេចខ្លួនចេញពីតុលាការបានយ៉ាងងាយស្រួល ហេីយគេចខ្លួនបាត់ ស្រមោលតែម្ដង ។ ក្រោយពីដឹងថា មានជនជាប់ចោទ រហ័សនាម “អាកណ្ដុរ ” បានលួចឆ្កឹះសោរខ្នោះ រត់គេចខ្លួន ចេញតុលាការ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ បានតាមចាប់ជនជាប់ចោទផងដែរ។ កាលនោះលោកអធិការនគរបាលខណ្ឌមានជ័យ វរសេនីយ៍ទោ ម៉េង វិមានតារា ក៏បានសម្ដែង ការសោកស្តាយ ចំពោះការធ្វេសប្រហែសរបស់មន្រ្តីក្រោមឱវាទរបស់ខ្លួនផងដែរ ដោយបានបញ្ជាអោយកម្លាំងផ្នែកជំនាញ ធ្វេីការស្រាវជ្រាវតាមចាប់ជនត្រូវចោទ ដែលលួចរត់គេចខ្លួនពី តុលាការ នោះ ផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនជាប់ចោទ រហ័សនាម អាកណ្ដុរ បានឆ្លេីយសារភាពថា រូបគេបានធ្វេីសកម្មភាព យកឈេីចាក់ធ្មេញមកចាក់ចូល សោរខ្នោះ ព្រោះរូ បគេបានដឹងពីរបៀបឆ្កឹះសោរ និងសាកល្បង ចាក់ឆ្កឹះបានសម្រេច ជាច្រេីនដងហេីយ ខណៈពេលសមត្ថកិច្ចនាំរូបគេ ទៅក្នុងតុលាការរងចាំជាមួយមន្ត្រី អាវុធហត្ថ មួយរូបទៀត ដែលនាំជនសង្ស័យម្នាក់ទៀត មករងចាំ តុលាការ កាត់ក្ដីដែរ បន្ទាប់ពីឆ្កឹះសោរ ខ្នោះបានសម្រេចហេីយ រូបគេបានដេីរចុះមកតាមកាំជណ្ដេីរ ឡេីងចុះ បានយ៉ាងងាយស្រួល ដេីរចេញតាមទ្វារខាងមុខ ដូចគេដូចឯង ដោយមិនមានអ្នកណាដឹងឡេីយ លុះពេលចេញពី សាលាដំបូងរាជធានីភ្នំពេញភ្លាម រូបគេបានដេីរឆ្លងផ្លូវចូលទៅក្នុងផ្សារទំនេីប ទល់មុខ នោះ រួចគេចខ្លួនបាត់ស្រមោលតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងខាងលេី ត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីរងចាំ កសាងសុំណំរឿង បន្តតាមនីតិវិធី ច្បាប់ ៕ អត្ថបទរូបភាព (បងម៉េងប្រុសស្អាត)