តៃកុងរថយន្តបែនដឹកដីម្នាក់បានស្លាប់កប់ក្នុងរថយន្ត ក្រោយពីបើកធ្លាក់ចូលប្រឡាយទឹកជាប់នៅផ្លូវថៃហ្គ័រ
ភ្នំពេញ ៖ គួរឲ្យរន្ធត់ណាស់ ខណះតៃកុងរថយន្តអាបែនដឹកដីម្នាក់បើករថយន្តវ៉ាជែងមិនប្រយ័ត្នជ្រុលចង្កូតធ្លាក់ចូលទឹកប្រឡាយទឹកត្រូវរថយន្តសង្កត់ជាប់ជាច្រេីនម៉ោង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងថៃហ្គ័រ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ តំណាងក្រុមហ៊ុនរថយន្តបង្កបានប្រាប់ឲ្យដឹងថាអ្នកបើកបររថយន្តមានឈ្មោះ ម៉ាប់ អាយុប្រហែលជាង២០ឆ្នាំ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ 3A-0732 បើកបរតាមបណ្ដោយផ្លូវថៃហ្គ័រ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែបានវ៉ារថយន្តមួយគ្រឿងទៀតមិនប្រយ័ត្នក៏រេចង្កូចធ្លាក់ចូលទឹកប្រឡាយតែម្ដង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាចុះទៅជួយរាវរកដើម្បីស្រង់យកតៃកុងរថយន្តយកមកលើគោកតែមិនឃើញ ។ លុះដល់ពេលសមត្ថកិច្ចមូលដ្ឋានចុះមកហៅរថយន្តស្ទួចយករថយន្តឡេីងមកលេីគោក ស្រាប់តែឃេីញតៃកុងជាប់នៅខាងក្រោមរថយន្តបង្កស្លាប់បាត់ទៅហេីយ ។
បច្ចុប្បន្ន រថយន្តបង្កខាងលេី ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ។ ចំណែកឯសពត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕