ស្ទើរមិនជឿថា ខេមរៈ សិរីមន្ត ធ្វើបែបនេះនៅក្នុងថ្ងៃខួបកំណើត !
ថ្មីៗនេះគេបានឃើញតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ខេមរៈ សិរីមន្ត បានដើររើសសំរាមនៅតាមទីសាធារណៈ ។ ទង្វើររបស់តារាចម្រៀងរូបនេះទទួលបានការសរសើរ និងចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន។ អ្វីដែលចាប់អារម្មណ៍ ខេមរៈ សិរីមន្ត បានយកថ្ងៃកំណើតរបស់ខ្លួនសម្រាប់ធ្វើសកម្មភាពបែបនេះ ។
ក្នុងនាមជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេង ខេមរៈ សិរីមន្ត បានធ្វើសកម្មភាពដែលគួរឱ្យសរសើរដោយលោកបានជ្រើសយកថ្ងៃកំណើតរបស់លោកកាលពីថ្ងៃទី ០៣ កន្លងទៅនេះដោយការដើររើសសំរាមនៅតាមទីសាធារណៈ ។ នេះជាលើកដំបូងដែលគេបានឃើញអ្នកសិល្បៈធ្វើសកម្មភាពបែបនេះនៅក្នុងថ្ងៃពិសេសរបស់លោក ។ មានការសរសើរ និង គាំទ្រចំពោះសកម្មភាពរបស់លោក ខេមរៈ សិរីមន្ត ពីសំណាក់មហាជនជាច្រើន ។ ក្រៅពីធ្វើសកម្មភាពសំអាតបរិស្ថាននេះ ខេមរៈ សិរីមន្ត មិនបានធ្វើពិធីខួបកំណើតអធិកអធមនោះទេ ។ តែយ៉ាងណាក៏ដោយ លោកទទួលបានការ Surprise នំខួបកំណើតពីសំណាក់អ្នកគាំទ្រ ។
ជាមួយនឹងសកម្មភាពសំអាតបរិស្ថានបែបនេះលោក ខេមរៈ សិរីមន្តបានបង្ហោះសារដែលមានអត្ថន័យថា «រាល់ការធ្វើទង្វើល្អដល់សង្គមចូរកុំមានការខ្មាស់អៀនឡើយ។ ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំនឹងធ្វើការងារបរិស្ថាន និង ជួយចែករំលែកការងារបងៗផ្នែកអនាម័យ និង ចង់ស្វែងយល់អំពីការងាររបស់ពួកគាត់ផងដែរ ។ ចូរទុកដាក់សំរាមឱ្យបានត្រឹមត្រូវធ្វើឱ្យបរិស្ថានស្អាតសុខភាពល្អសម្រាប់សង្គមជាតិ ទាំងអស់គ្នា»។
ចុងក្រោយនេះតារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែបើកចំហរពីជីវិតឯកជន ។ ជាក់ស្តែងថ្មីៗលោកបានបង្ហាញពីរូបភាពជាមួយភរិយា និងកូនប្រុសស្រីទាំងពីរ ហើយឆាប់ៗខាងមុខនេះលោកនឹងទទួលសមាជិកថ្មីម្នាក់ទៀត ៕
ដោយ ៖ ចេនី
រូបថត ៖ ហ្វេសប៊ុក