អគ្គីភ័យឆាប់ឆេះផ្សារបឹងកុកយ៉ាងសន្ធោសន្ធៅផ្អើលសមត្ថកិច្ច
ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចទទួលបានសេចក្ដីីរាយការណ៍ថា មានករណីគ្រោះអគ្គិភ័យកើតឡើង នៅចំណុចផ្សារបឹងកុក ភូមិទី៧ ឃុំបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្នុងហេតុការណ៍នេះដែរអគ្គីភ័យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល បានដឹកនាំបញ្ជាផ្ទាល់ អោយចេញរថយន្តអគ្គីភ័យខេត្តកំពង់ចាមចំនួន ៣គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ១គ្រឿង, បាធាយ ២គ្រឿង, ព្រៃឈរ ២គ្រឿង, កំពង់សៀម ១គ្រឿង ចំការលើ១គ្រឿង, កងមាស ១គ្រឿង, ស្ទឹងត្រង់ ១គ្រឿង កោះសូទិន ១គ្រឿង ចេញប្រតិបត្តិជាបន្ទាន់ ដោយមានការដឹកនាំមកពីសំណាក់លោកអធិការ-អធិការរងដោយផ្ទាល់ផងដែរ។
ខណៈនោះដែរ ដោយមើលឃើញពីវិសាលភាព នៃអគ្គីភ័យនេះមានទំហំធំធេង លោកឧត្តមសេនីយ៍ស្នងការ ក៏បានសុំការជួយការអន្តរាគមន៍ ពីលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកក៏បានជួយសម្រួលផ្ដល់ជូនរថយន្តអគ្គីភ័យរបស់ខេត្តត្បូងឃ្មុំ ចំនួន៤គ្រឿង ជាបន្ទាន់ផងដែរ។
សរុបរថយន្តដែលប្រើប្រាស់ ក្នុងប្រតិបត្តិការនេះ គឺមានចំនួន ១៧គ្រឿង ប្រើទឹកអស់ ៣៦ស៉ីទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គិភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ។
អគ្គិភ័យនេះ យើងគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១:៣៥នាទីទៀបភ្លឺ ដែលប្រតិបត្តិការនេះចំណាយអស់រយៈពេល ជាង២ម៉ោង។
សូមបញ្ជាក់ ទំហំនៃការខូចខាត និងដើមហេតុ ដែលបណ្ដាលអោយកើតអគី្គភ័យ រង់ចាំសមត្ថកិច្ចជំនាញ ធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ ។