ប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីលួចខោអាវរោងចក្រTRCA

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពេលធ្វើសកម្មភាពលួចដឹកយកខោអាវរោងចក្រចំនួនរាប់រយឈុត បម្រុងយកទៅលក់តាមទីផ្សារ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ក្រោយពេលទទួលពាក្យបណ្តឹងពីថៅកែរោងចក្រកាត់ដេរ របស់ក្រុមហ៊ុន TRCA ដែលមានទីតាំងនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចដឹកតាមរថយន្តមួយគ្រឿង កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

លុះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ដង្កោ សហការជាមួយកម្លាំងជំនាញអធិការខណ្ឌដង្កោ ឃាត់ខ្លួនបានជនសង្ស័យ១នាក់យកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ពួកគេមានបក្ខពួករួមគំនិតលួច ទើបសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យនៅខណ្ឌពោធិសែនជ័យម្នាក់ និងបន្តទៅឃាត់ខ្លួនជនសង្ស័យនៅខេត្តកណ្តាលចំនួន ២នាក់ទៀត សរុប ៤នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីនៃច្បាប់៕ មីដា