ឯកឧត្តម យន្ត មីន៖ សមត្ថកិច្ចតាមមូលដ្ឋាន មានសិទ្ធិចាប់រថយន្តដឹកដី ដែលបំផ្លាញបរិស្ថានតាមផ្លូវសាធារណៈ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បាន​ចេញបញ្ជាឲ្យរដ្ឋបាលសង្កាត់ និងមន្ត្រីនគរបាលប៉ុសិ៍្ត​រដ្ឋបាលសង្កាត់ទាំងអស់នៅ​ក្នុងក្រុងព្រះសីហនុ មានសិទ្ធិ​​ចាប់ឃាត់រថយន្តដឹកដី ដែលមិនគ្របឲ្យបានត្រឹមត្រូវ ឬធ្វើឲ្យដីជ្រុះប្រឡាក់ផ្លូវក្នុងក្រុង នៅតាមភូមិសាស្ត្រសង្កាត់នីមួយៗ។
​ឯកឧត្តមអភិបាលខេត្តឲ្យ​ដឹងដូច្នេះ រួចបញ្ជាក់ថា ក្រោយពេលឃាត់ចាប់រថយន្តដឹកដី ដែលមានបញ្ហាទាំងនោះរួច គឺ សមត្ថកិច្ចនៅតាម​មូលដ្ឋាននីមួយៗ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់​មន្ទីរស្ថាប័ន​ជំនាញរួមមាន៖ រដ្ឋបាលក្រុង និង​មន្ទីរបរិស្ថានជាដើម ដើម្បីស្នើឲ្យជួយ​មានវិធានការផ្លូវច្បាប់ ចំពោះអ្នកបើកបររថយន្ តឬម្ចាស់​ក្រុមហ៊ុនដឹកដីទាំងនោះ ដោយត្រូវ​ផាកពិន័យ​តាមគោលការណ៍ច្បាប់ និងតម្រូវឲ្យភាគីរថយន្តដឹកដីនោះចុះកិច្ចសន្យាលាងសំអាតសំអាតផ្លូវ​ ដែលមានដីជ្រុះឲ្យ​បានស្អាតដូចដើម​ មុននឹងត្រូវដោះលែងវិញ។

​ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បា​នប្រកាសបែបនេះ គឺធ្វើឡើងនៅ ចំពោះមុខមន្ត្រីរាជការក្រោមឱវាទ នៃរដ្ឋបាលខេត្ត ​ក្នុងកិច្ចប្រជុំប្រចាំខែ ​នៅសាលប្រជុំសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៨៕