ចាប់ខ្លួនបុរសម្នាក់ ដែលបានចែកចាយ រូបអាក្រាតកាយ អតីតសង្សារ ខ្លួន ដែលជិតរៀបការ,,,

កណ្តាល៖ នគរបាលខេត្តកណ្តាល បានចាប់ខ្លួនបុរសម្នាក់ ដែលបានគំរាមកំហែងហែកកេរ្ដិ៍ និង ចែកចាយរូបអាក្រាតកាយជាសាធារណៈរបស់ស្រ្តីម្នាក់ដែលជាអតីតសង្សារបស់ខ្លួន។

ប្រតិបត្តិការ បានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលរឿងរ៉ាវ បានកើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
យោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តកណ្តាល ដឹកនាំផ្ទាល់ដោយវរសេនីយ៍ឯក ឡាក់ ម៉េងធី ក្រោមបទបញ្ជាពីសំណាក់ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរនៅផ្ទះ រីឯជនសង្ស័យឈ្មោះ អ៊ឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួលទល់មុខរោងចក្រព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រើគណនីហ្វេសប៊ុក ឈ្មោះ “កូននាក់ព្រៃវែង កូនអ្នកស្រែ និង Sav Van Ryzin”។
បើតាមសមត្ថកិច្ច កាលពីឆ្នាំ២០១៧ ស្ត្រីរងគ្រោះ បានស្គាល់និងធ្វើការក្នុងរោងចក្រជាមួយជនសង្ស័យ អ៊ឹម អូន នៅភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក្រោយមក ក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា ។
បន្ទាប់ពីស្រលាញ់គ្នា បានមួយរយៈមក នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៨ អ្នកទាំងពីរបានរួមរស់ជាមួយគ្នា ហើយឈ្មោះ អ៊ឹម អូន តែងតែថតរូបអាក្រាតកាយរបស់ជនរងគ្រោះទុក។ នៅមុនពេលចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ ជនរងគ្រោះ បានដឹងថាឈ្មោះ អ៊ឹម អូន មានប្រពន្ធ និងមានកូនពីរនាក់ទៀត នាងក៏សុំបែកគ្នា ប៉ុន្តែឈ្មោះនេះមិនព្រមទេ ថែមទាំងនិយាយគំរាមកំហែងថា បើហ៊ានរៀបការ និងធ្វើអោយខូចកេរ្តិឈ្មោះជនរងគ្រោះតែម្ដង។
លុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះ បានភ្ជាប់ពាក្យជាមួយបុរសម្នាក់ ហើយក្រោយពីភ្ជាប់ពាក្យរួចបាន ២ថ្ងៃ ឈ្មោះអ៊ឹម អូន បានឆាតប្រាប់នាងថា មិនអោយរៀបការទេ បើមិនដូច្នោះ ខ្លួននឹងធ្វើឱ្យនាងត្រូវសងបណ្ណាការគេ និងគំរាមសម្លាប់ជាច្រើនលើកច្រើនសារ។ ឈ្មោះនេះ បានប្រើគណនីហ្វេសប៊ុក ឈ្មោះ Sav Van Ryzin និងឈ្មោះកូននាក់ព្រៃវែង ហើយថែមទាំងផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ដែលធ្លាប់ដេកជាមួយខ្លួន ទៅគូរដណ្តឹង និងបងប្អូនជាច្រើននាក់ទៀត រហូតទាល់តែខាងគូរដណ្តឹងរបស់នាង បានសុំផ្តាច់ពាក្យនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ មិនព្រមរៀបការជាមួយនាងឡើយ ទោះបីជាជិតដល់ថ្ងៃរៀបការនៅថ្ងៃទី២១ ខែកុម្ភ:នេះក៏ដោយ។
ទង្វើរបស់ឈ្មោះជនសង្ស័យរូបនេះ បានធ្វើឱ្យឈ្មោះជនរងគ្រោះ និងក្រុមគ្រួសារត្រូវសងថ្លៃ បណ្ណាការទៅគូរដណ្តឹង និងថ្លៃសំអាងការ, ចុងភៅ និងផ្សេងៗទៀតជាច្រើន សរុបជិតមួយម៉ឺនដុល្លារ។
ក្រោយការចាប់ខ្លួន ជនសង្ស័យឈ្មោះ អ៊ឹម អូន បានឆ្លើយសារភាពថា ខ្លួនពិតជាបានគំរាមកំ ហែងជនរងគ្រោះពិតប្រាកដមែន និងបានផ្ញើរូបអាក្រាតកាយដេកជាមួយគ្នាទៅឱ្យបងប្អូន ឪពុក ម្ដាយ និងគូដណ្ដឹងរបស់ជនរងគ្រោះ បានដឹងទាំងអស់គ្នា។
បច្ចុប្បន្ន ជនងសង្ស័យ ត្រូវបានមន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្តាល កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី