ទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងបើកទទួលស្វាគមន៍ភ្ញៀវ អាជ្ញាធរខណ្ឌទួលគោកមិនទាន់មានវិធានការ

ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងបើកលេង និង មានអតិថិជនមកទទួលសេវាកម្មភ្នាល់យ៉ាងអាណាធិបតេយ្យ ជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ។

ទីតាំងដែលគេរាយការណ៍ថា ជាកន្លែងទទួលភ្នាល់បាល់អនឡាញខុសច្បាប់នោះគឺស្ថិតក្នុងហាងកាហ្វេ ជាប់តារាងបាល់ខាងក្រោយក្លឹប(បេះរោម) ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

មហាជនទូទៅ និង ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងស៊ីសងជល់មាន់ខាងលើកំពុងរងចាំមើល ចំណាត់ការរបស់លោក ឯក ឃុនដឿន អភិបាល និង លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក តេីនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕