Update: រថយន្តទ្រុងបើកបុករះបង្កការខូចខាតរថយន្ត៤គ្រឿងនិងម៉ូតូកង់បី១គ្រឿងក្រឡាប់

ភ្នំពេញ៖ រថយន្តទ្រុងដឹកឥវាន់១គ្រឿងបើកបរក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុករះរថយន្ត៤គ្រឿងទៀតជាបន្តបន្ទាប់បណ្ដាលឲ្យរងការខូចខាតរួមជាមួយម៉ូតូកង់បី១គ្រឿងក្រឡាប់បះជើងប៉ុន្តែពុំបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតនៅឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នំពេញ3D-6267 រងការខូចខាតក្រពឹតមុខ ហើយបើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន។ ចំណែករថយន្តដែលរងការខូចខាតដោយសាររថយន្តនេះបើកបុកនោះរួមមានទី១,រថយន្តម៉ាកព្រុសពណ៍សពាក់ស្លាកលេខភ្នំពេញ2Y-8672 បានរងការខូចខាតទាំងមុខទាំងក្រោយ។ទី២,រថយន្តម៉ាកឡិចសុីNX-200Tពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AW-6776 រងការខូចខាតផ្នែកខាងក្រោយ ទី៣,រថយន្តម៉ាកតាកូម៉ាពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2R-0819 រងការខូចខាតខ្ទេចមុខនិងចំហៀងខ្លួនខាងស្ដាំ។ ទី៤,រថយន្តសាំយ៉ុងពណ៍លឿងពាក់ស្លាកលេខកំពង់ចាម2A-8297 ទី៥,ម៉ូតូកងបីពណ៍សពាក់ស្លាកលេខកណ្ដាល1AB-9538 ក្រឡាប់និងរងការខូចខាតយ៉ាងដំណំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទ្រុងដឹកឥវាន់បង្កហេតុខាងលើបើកបរធ្វើដំណើរក្នុុង ទិសដៅពីកើតទៅលិចលុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបុករថយន្តព្រុសពីក្រោយពេញទំហឹងរុញផ្ទប់បង្គោលស្លាកប៉ាណូ១ដើមបណ្ដាលឲ្យខ្ទេចទាំងមុខទាំងក្រោយ។បន្ទាប់មករថយន្តទ្រុងបានបើករត់ហើយបានជ្រុលទៅកៀររថយន្តឡិចសុិសNX200T រងការខូចខាតកាងក្រោយ រួចហើយបានជ្រុលបន្តទៅបុករថយន្តតាកូម៉ាបណ្ដាលឲ្យខ្ទេចមុខនិងចំហៀងខ្លួន ។ខណៈនោះរថយន្តបង្កមិនព្រមឈប់ទៀតនិងបានបន្តទៅបុកម៉ូតូកង់បី១គ្រឿងបណ្ដាលឲ្យក្រឡាប់ រួចជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុងមួយតង់ទៀតទើបឈប់ស្ងៀម។

ក្រោយមកអ្នកបើកបរត្រូវបាននគរបាលចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ចំណែករថយន្តទាំង៥គ្រឿងនិងម៉ូតូកង់បីត្រូវបាននគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕