មួយករណីទៀតហើយ…មនុស្សប្រុសស្រីចំនួន២៨នាក់នៅក្នុងស្រុកពួក មានអាការៈពុលត្រីប្រៃកំពិស
សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីអំឡុងម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានមនុស្សប្រុសស្រីក្មេងចាស់ចំនួន២៨នាក់ ដែលមានអាយុចាប់ពី០៥ឆ្នាំដល់អាយុ៦៨ឆ្នាំ នៅពីរឃុំក្នុងស្រុកពួក គឺឃុំពួក និង ឃុំខ្នាត កើតមានអាការៈពុលត្រីប្រៃកំពិស តែមិនធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ ក្នុងនោះនៅក្នុងឃុំពួកមានចំនួន ២១នាក់ រួមមាន៖ នៅភូមិប្រយុទ្ធចំនួន១៣នាក់ ក្នុងនោះស្រីចំនួន០៦នាក់ , ភូមិគោកស្រុកចំនួន០៥នាក់ ស្រីទាំងអស់ , ភូមិកំពង់តាយ៉ងចំនួន០១នាក់ ជាមនុស្សស្រី និង ភូមិចំបក់ហែចំនួន០២នាក់ ក្នុងនោះស្រីចំនួន០១នាក់ និង ភូមិគោកត្រាច ក្នុងឃុំខ្នាត ចំនួន០៧នាក់ ក្នុងនោះស្រីចំនួន០៣នាក់ ។
សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា បន្ទាប់ពីប្រជាពលរដ្ឋបានទិញត្រីប្រៃកំពិស ទៅធ្វើម្ហូបហូបជាមួយបាយ និង ក្រោយការហូបត្រីប្រៃកំពិសមក ក៏កើតមានអាការៈពុលក្អួតចង្អោរ ក៏បានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប , មន្ទីរពេទ្យបង្អែកពួក , មណ្ឌលសុខភាពទឹកវិល , មណ្ឌលសុខភាពខ្នាត , នៅគ្លីនិចឯកជន និង អ្នកជំងឺមួយចំនួនបានសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន ។
សមត្ថកិច្ច បានឲ្យដឹងបន្ថែមទៀតថា អ្នកផលិតត្រីប្រៃកំពិស មានឈ្មោះ ប៊ូ នឿម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិគោកជួន ឃុំពួក ស្រុកពួក ជាអ្នកធ្វើត្រីប្រៃលក់ផ្សារពួកជាអចិន្ត្រៃយ៍ ហើយករណីនេះ សមត្ថកិច្ច និង ជំនាញ កំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕ TH