សមត្ថកិច្ចខេត្តឧត្តរមានជ័យបង្ក្រាបបាន០២ករណី ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ឧត្តរមានជ័យ: ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង១២:២០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ ដឹកនាំដោយលោកព្រះរាជអជ្ញាអមសាលាដំបូងខេត្ត និងលោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០២ ករណី ស្ថិតនៅចំណុចភូមិអភិវឌ្ឍន៍ និងភូមិភ្នំស្រួច សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ស្រី០២នាក់ ។
ជនសង្ស័យទាំង០៤ នាក់ មានទី១-ឈ្មោះ ដា ស៊ីណា ហៅក្អូន ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង មានសារធាតុញៀនក្នុងខ្លួន, ទី២-ឈ្មោះ សារឿន ណែត ភេទស្រី អាយុ២០ ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង មានសារធាតុញៀនក្នុងខ្លួន ទី៣-ឈ្មោះ ហ៊ុន ឈៀវ ភេទប្រុស អាយុ២០ ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ប្រើប្រាស់មានសារធាតុញៀនក្នុងខ្លួន និងទី៤- ឈ្មោះ លី សុខណា ភេទស្រី អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ(រក្សាទុក ជួញដូរ និងប្រើប្រាស់)។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលជំនាញធ្វើការឃាត់ខ្លួនបាននៅក្នុងនោះដកហូតបានវត្ថុតាងរួមមាន ម្សៅមេតំហ្វេតាមីន(ICE)ចំនួន ០៤ កញ្ចប់ (ធំ ០១ តូច ០៣) ស្មើនឹង៩៤.៩៩ ក្រាម ទាំងសំបក, ថ្នាំមេតំហ្វេតាមីន(WY)ចំនួន ៥១២ គ្រាប់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង, ទូរស័ព្ទដៃចំនួន០១ គ្រឿង អត្តសញ្ញណប័ណ្ណ០១ សន្លឹក និងឧបករណ៍ប្រើប្រាស់មួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញរៀបចំកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕