បន្លំលួចលុយជាង២០ដងអាងថាគ្មានអ្នកដឹង លើកក្រោយលួចទៀតខាងក្រុមហ៊ុនដឹង ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

កណ្ដាលៈ ក្មេងស្រីសង្ស័យជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូម្នាក់ បានបន្លំលួចលុយរបស់ក្រុមហ៊ុនជាង២០ដង ខណៈកំពុងរាប់លុយស៊ីសងក្នុងកាស៊ីណូ ដោយគិតថាគ្មាននរណាដឹង លើកក្រោយមិនរាងធ្វើសកម្មភាពលួចទៀត ត្រូវបានខាងក្រុមហ៊ុនដឹង ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចសង្វៀនជល់មាន់របស់ ក្រុមហ៊ុនកាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ក្មេងស្រីសង្ស័យឈ្មោះ ស ស្រីល័ក្ខ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះតំណាងឲ្យក្រុមហ៊ុនឈ្មោះ ធុន វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនហ្គាវ៉ូដា មានទីលំនៅភូមិរការលើ ឃុំស្វាយរលំ ស្រុកស្អាង ។ ដោយឡែកសម្ភារៈបាត់បង់គឺប្រាក់ប្រមាណជាង ៧,៤៥០ដុល្លារសហរដ្ឋអាមេរិក និងវត្ថុតាងដកហូតបានមកវិញមាន៖ ទូរស័ព្ទដៃចំនួន២គ្រឿង ,លោហៈធាតុពណ៌លឿង មានបណ្តោងដាំត្បូងពណ៌ស១ខ្សែរ ,លោហៈធាតុពណ៌លឿង ១ខ្សែរ និងលោហៈធាតុពណ៌លឿង ចិញ្ចៀន២វង់ ។
ប្រភពដដែលបន្ដថា ក្មេងស្រីសង្ស័យខាងលើ បានបម្រើការងារជាបុគ្គលិកក្នុងសង្វៀនជល់មាន់របស់ក្រុមហ៊ុនកាស៊ីណូ ហ្រ្គេនដ្រាហ្គរនរីសត រយៈពេលប្រមាណជាង ៣ខែមកហើយ ដោយធ្វើខាងផ្នែកលើកម្ហូបអាហារជូនភ្ញៀវ លុះក្រោយមកធ្វើជាអ្នករាប់លុយស៊ីសងល្បែងតាយស្រ៊ីវ ។ ចាប់តាំងពីប្ដូរមកខាងផ្នែកទទួលស៊ីសងល្បែងតាយស្រ៊ីវនេះមក ខាងក្រុមហ៊ុនតែងតែបាត់លុយជាញឹកញាប់ប្រមាណជាង២០លើករួចមកហើយ ដោយពុំដឹងថាមូលហេតុអ្វីនោះទេ ។ លុះនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩ ទើបខាងក្រុមហ៊ុនមានការសង្ស័យ ថាមានការបាត់ប្រាក់នៅក្នុងតុតាយស្រ៊ីវ តែពុំទាន់ធ្វើការត្រួតពិនិត្យទេ រហូតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ខាងក្រុមហ៊ុនបានអោយជនរងគ្រោះ ធុន វាសនា ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ពេលនោះក៏បានឃើញពីសកម្មភាពរបស់ក្មេងស្រីសង្ស័យ លួចយកប្រាក់ពីតុល្បែងតាយស្រ៊ីវ ជាញឹកញាប់ប្រាកដមែន តែខាងក្រុមហ៊ុនពុំបានសួរនាំ ឬប្ដឹងផ្ដល់អ្វីទេ ដោយទុកឱកាស និងរងចាំមើលថា តើក្មេងស្រីសង្ស័យខាងលើនេះ នៅបន្តលួចយកទៀតដែរឬទេ ។ លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង៣០នាទី ក្មេងស្រីសង្ស័យនៅតែបន្ដធ្វើសកម្មភាពលួចទៀត ទើបជនរងគ្រោះ តំណាងអោយខាងក្រុមហ៊ុន ប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ៕