ពលករខ្មែរធ្វើការបេះផ្លែមៀន ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ស្រាល១៥នាក់ ក្នុងចំណោមនោះមានកុមារ៣នាក់
ខេត្តស្រះកែវ ៖ យ៉ាងហោចណាស់ក៏មានពលករ ១៥នាក់ រងរបួសធ្ងន់ និងស្រាល (ក្នុងនោះមានកុមារចំនួន ០៣នាក់) ដោយរថយន្តដឹកពលករខ្មែរ ធ្វើការបេះផ្លែមៀន ជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នា ។
បើយោងតាមរបាយការណ៍បឋមពីភ្នាក់ងារសង្គ្រោះវ៉ាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ បានអោយដឹងថា ៖ កាលពីវេលាម៉ោង ០៩និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកពលករខ្មែរ ដែលធ្វើការបេះផ្លែមៀន និងរថយន្តម៉ាក Toyota Hilux Revo ពណ៌ស ពាក់ស្លាកលេខ (កថ៥៨១៨) ខេត្តរ៉យអេត បានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តម៉ាក Isuzu ពណ៌សំបកឪឡឹក ដែលកំពុងធ្វើដំណើរច្រាសទិសគ្នា នៅត្រង់ចំណុចផ្លូវជាតិវ៉ាងណាមយ៉េន-បំបែកសួនប៉ា ស្ថិតនៅក្នុងស្រុកវ៉ាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ
ប្រភពបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ ករណីនេះមានពលករខ្មែររងរបួសធ្ងន់ ស្រាលចំនួន ១៥នាក់ ក្នុងនោះមានកុមាររងរបួសចំនួន ០៣នាក់ផងដែរ ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវភ្នាក់ងារសង្គ្រោះបញ្ជូនយកនៅសង្គ្រោះនៅមន្ទីរពេទ្យវ៉ាងណាមយ៉េន ចំនួន០៦នាក់ និងមន្ទីរពេទ្យខៅឆាក់កាន់ ចំនួន ០៩នាក់។ យ៉ាងណាចំពោះពលករខ្មែរដែលរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៏នៅមិនទាន់ស្គាល់អត្តសញ្ញាណរស់នៅក្នុងភូមិស្រុកណានោះឡើយ។
បញ្ហានេះលោក ហ៊ុន សារឿន កុងសុលប្រចាំខេត្តស្រះកែវ បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែឆ្នាំដដែល ថាលោកមិនទាន់ហ៊ានបញ្ជាក់នៅឡើយទេ ព្រោះសហការីលោកកំពុងតែធ្វើការ លោកនឹងផ្តល់ជូនព័ត៌មានជាបន្តទៀត ៕