ស្ត្រីម្នាក់ត្រូវរថយន្តធុនធំកិនខ្ទិចជើងម្ខាងខណៈកំពុងជិះម៉ូតូទៅធ្វើការ

កណ្ដាលៈ ស្រ្តីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ត្រូវរថយន្តធុនធំ បើកល្បឿនលឿន វ៉ាជែងមិនប្រយ័ត្ន បានជ្រុលទៅបុកស្ត្រីរងគ្រោះ បណ្ដាលរងរបួសខ្ទិចជើងម្ខាងគួរឲ្យរន្ធត់ ខណៈកំពុងជិះម៉ូតូទៅធ្វើការរោងចក្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើង នៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ជឿន សុីនឿន អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (រងរបួស ធ្ងន់បាក់ជើងខាងស្តាំ ) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1U _1519។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A _0298 បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណ ( គេចខ្លួន ) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្ត្រីរងគ្រោះ ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងខាងលើធ្វើដំណើរស្របទិសគ្នា បើកដោយល្បឿនលឿន វ៉ាជែងមធ្យោបាយនៅខាងមុខ ក៏ជ្រុលទៅបុកស្រ្តីរងគ្រោះ បណ្ដាលឲ្យដួល រួចក៏កិនជើងស្ដាំស្ត្រីរងគ្រោះខ្ទិចគួរឲ្យរន្ធត់ ។
ក្រោយពីមានហេតុការកើតឡើង អ្នកបើកបររថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល ចំណែកស្រ្តីរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកទៅបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ដោយឡែកមធ្យោបាយពាក់ពូន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ចុះធ្វើការពិនិត្យវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បង្កឡើងដោយអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿន ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន បើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ។ ចំណែកអ្នកបើកបរម៉ូតូ បើកគេច ពីអ្នកថ្មើរជើង រេចង្កូត ទៅប៉ះរថយន្តដួលត្រូវរថយន្តកិនជើងតែម្តង ៕