នគរបាលប៉ុស្តិ៍ព្រែកកំពឹសចុះទៅបង្ក្រាបសង្វៀនជល់មាន់ក្នុងព្រៃដុតតែវត្ថុគ្មានវិញ្ញាណ
ដោយ៖ បក្សីចាំក្រុង
នៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩កម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹស បានសហជាមួយកម្លាំងសង្កាត់ព្រែកកំពឹស បានចុះទៅបង្ក្រាបសង្វៀនបញ្ជល់មាន់អមដោយវង់អាប៉ោង នៅក្នុងភូមិសាស្ត្រស្រុកធំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ តែការបង្រ្កាប់នេះត្រូវបានគេសង្កេតឃើញថា គ្រាន់តែធ្វើបង្គ្រប់អោយថ្នាក់លើមើលតែប៉ុណ្ណោះ ពោលគឺបានត្រឹមតែដុតសំភារះគ្មានវិញ្ញាណ រីឯអ្នកលេងដែលមានជើងដើរបាន មិនត្រូវបានចាប់ខ្លួនទ្បើយ។
ការចុះបង្ក្រាប របស់សមត្ថកិច្ចដូចខាងលើនេះ ត្រូវបានប្រជាពលរដ្ឋមានមន្ទិលថា ខ្មោចក្នុងអោយដៃ ទើបខ្មោចក្រៅវាហ៊ាន ពោលគឺមុនពេលចុះបង្រ្កាបនេះក្រុមអ្នកលេងល្បែងស៊ីសងទាំងនោះហាក់បីដូចដឹងក្លិនមុនចឹង ដោយមានគេផ្តល់ដំណឹងទៅម្ចាស់សង្វៀនជាមុន អោយអ្នកលេងជិះម៉ូតូគេចខ្លួនជាមុន ទើបគេទៅជាក្រោយ ដោយបន្សល់ទុកតែ ដែកបង្គល់ និងស្នោរ ទុកអោយសមត្ថកិច្ចដុតធ្វើដូចជាចុះបង្រ្កាបមែនទែន។
ចំពោះម្ចាស់ដីដែលបានផ្តល់ទីតាំងខាងលើជួលទៅឲ្យក្រុមអ្នកលេងល្បែងទាំងនោះ ត្រូវបានសមត្ថកិច្ចហៅមកឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់តារាងជួលទៅឲ្យក្រុមអ្នកលេងល្បែងតទៅទៀត៕