សមត្ថកិច្ចចម្រុះស្រុកខ្សាច់កណ្ដាលបានជួយរំដោះជនវិកលចរិតម្នាក់ ឱ្យរួចផុតពីការចាប់ចងឃុំខ្លួន
កណ្ដាល ៖ សមត្ថកិច្ចចម្រុះស្រុកខ្សាច់កណ្ដាលបានជួយរំដោះជនវិកលចរិតម្នាក់ ឱ្យរួចផុតពីការចាប់ចងឃុំខ្លួនកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយគ្រោងនឹងសង់ផ្ទះមួយសម្រាប់ឱ្យជននេះស្នាក់នៅ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ចេង គីមសេង (ហៅអោក) ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរជាមនុស្សវិកលចរិត មានទីលំនៅភូមិ.ឃុំ.កើតហេតុនេះ។ ឯអ្នកឃុំខ្លួនឈ្មោះ ចេង គីមអាង ភេទស្រី អាយុ៤៧ ឆ្នាំមុខរបរ កសិករមានទីលំនៅភូមិ.ឃុំ.កើតហេតុ ត្រូវជាប្អូនរបស់ជនរងគ្រោះ។
អស់រយៈពេលប្រហែល១០ឆ្នាំមកហើយ។
សមត្ថកិច្ចបន្តថា ឈ្មោះ ចេង គីមអាង និងក្រុមគ្រួសារបង្ខំចិត្តដាក់ច្រវាក់ចាក់សោ ឃុំខ្លួនឈ្មោះ ចេង គីមសេង ជាបងបង្កើត អស់រយៈពេលប្រហែល១០ឆ្នាំមកហើយ។ មូលហេតុថា គាត់វិកលចរិតកាចសាហាវ ទើបដាក់ច្រវាក់នៅក្រោមដើមស្វាយក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រហើយមិនបានផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋានឡើយ។ ម្យ៉ាងដើម្បីការពារសុវត្ថិភាពក្រុមគ្រួសារនិងអ្នកជិតខាងគឺកន្លងមកក្រុមគ្រួសារបានធ្វើរោងឱ្យជនវិកលចរិតនោះដែរ ប៉ុន្តែត្រូវគាត់ដុតចោលអស់។
ក្រុមគ្រួសារខាងលើបន្តថា ឈ្មោះ ចេង គីមសេង ជាមនុស្សវិកលចរិត កាចសាហាវវាយអ្នកដទៃ និងក្រុមគ្រួសារ ទើបឈ្មោះ ចេង គីមអាង ត្រូវជាប្អូននិងក្រុមគ្រួសារសម្រេចយកច្រវាក់ចាប់ចង និងឃុំខ្លួនបែបនោះរហូតមក។ ក្នុងនោះក្រុមគ្រួសារបានចិញ្ចឹមបីបាច់ឱ្យបាយទឹកគាត់ ក្នុងមួយថ្ងៃ ៣ពេលជាប្រចាំ។ ខណៈជីវភាពគ្រួសារឈ្មោះ ចេង គីមអាងកំពុងមានការខ្វះខាតក៏ដោយ។
កន្លងមកឈ្មោះ ចេង គីមអាង ធ្លាប់បានរាយការណ៍ជូនអាជ្ញាធរដែររាល់សកម្មភាពនេះតែអាជ្ញាធរភូមិ.ឃុំហាក់មិនចាប់អារម្មណ៍។ ទោះជាយ៉ាងណាក្ដីនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងចម្រុះស្រុកដឹកនាំដោយៈលោកស្រីឡុងណាវីអភិបាលរងស្រុក, លោកអ៊ុនយ៉ុងអធិការរង, លោកម៉ៅសុផលនាយការិយាល័យប្រចាំការការជួញដូរមនុស្ស,លោកស្រី ឆាំ វណ្ណា ប្រធានការិយាល័យសង្គមកិច្ចស្រុក, លោកមេឃុំ, លោកនាយប៉ុស្តិ៍, លោកមេភូមិ,គ្រូពេទ្យ, បានចុះដោះស្រាយដល់កន្លែងកើតហេតុ។
ស្ត្រីឈ្មោះចេងគីមអាងត្រូវជាប្អូនបានបញ្ជាក់ថា មូលហេតុឈានដល់ការឃុំខ្លួនឈ្មោះ ចេង គឹមសេង រយៈពេល១០ឆ្នាំនេះ ព្រោះឈ្មោះចេងគីមសេងមានជំងឺផ្នែកសតិមិនគ្រប់ធ្លាប់យកទៅព្យាបាលមិនជាឡើយ។ ម្យ៉ាងទៀតគាត់ ជាមនុស្សកាចសាហាវពេកទើបក្រុមគ្រួសារឃុំខ្លួនដោយដាក់ច្រវាក់នៅក្រោមដើមស្វាយ។
ទោះបីជាជនវិកលចរិកនោះ កាចសាហាវបែបណាក៏អាជ្ញាធរស្រុកខ្សាច់កណ្ដាលបានងូតទឹកឱ្យគាត់សម្អាតរាងកាយស្លៀកពាក់ខោអាវថ្មីបានសមរម្យ និងធ្វើផ្ទះទំហំ៤គុណ៤ម៉ែត្រក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យជននេះស្នាក់នៅ៕