សមត្ថកិច្ចខេត្តសៀមរាបបង្រ្កាបល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអុិនធើណេត(Game Online) នៅភូមិវិហារចិន
សៀមរាប ៖ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង១៦:០០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបករណីល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអុិនធើណេត នៅចំនុចផ្ទះជួល ភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន ០២នាក់ រួមនឹងវត្ថុតាង កុំព្យូទ័រយួដៃ ចំនួន ០៣គ្រឿង-ទូរស័ព្ទដៃ ០៥គ្រឿង និងសម្ភារៈវត្ថុតាងមួយចំនួនទៀតបញ្ជូនមកសាកសួរនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ។
ជនសង្ស័យទាំងពីរនាក់នេះមានឈ្មោះ៖
១-ឈ្មោះ MA LIANG ភេទ ប្រុស កើតថ្ងៃទី ៣០-០៤-១៩៨៦ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៤៧៤៨៦៦១២។
២-ឈ្មោះ ZENG WEIDONG ភេទ ប្រុស កើតថ្ងៃទី ២៥-០១-១៩៨៨ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៥៥០៧៥៣៧៩ ។
តាមការសាកសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយថា ៖ពួកគេគឺភ្នាក់ងារបើកគណនេយ្យឲ្យភ្ញៀវជនជាតិចិន ដែលមានបំណងលេងល្បែងសុីសងតាមប្រព័ន្ធអុិនធើណេតនៅប្រទេសចិន និងទទួលបានប្រាក់ខែចំនួន ៥០០០យ័ន ក្នុងមួយខែ។
ក្រោយការសាកសួរជនសង្ស័យទាំងពីរនាក់ខាងលើនេះត្រូវបាន លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕