សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក សង្ស័យថាជាជនដៃដល់សម្លាប់កម្មការិនីរោងចក្រម្នាក់
ស្វាយរៀង៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក ដោយដាក់ការសង្ស័យថាជាជនដៃដល់សម្លាប់កម្មការិនីរោងចក្រម្នាក់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។
សាកសពខាងត្រូវបានប្រទះឃើញនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅខាងកើតរោងចក្រអំពូលភ្លើង ស្ថិតភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មន្ត្រីនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថាបន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចមកបានបញ្ជាក់ថា សពជាពិតជាជនសង្ស័យដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ក្នុងករណីសម្លាប់កម្មការិនីជាសង្សាររបស់ខ្លួនពិតប្រាកដមែន។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ នាង ក្រឹម មានទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
តាមការសន្និដ្ឋានសមត្ថកិច្ចខេត្តសមត្ថកិច្ចស្រុកនិងគ្រូពេទ្យបង្អែកស្វាយទាប បានអោយឃើញថាជនសង្ស័យស្លាប់ ដោយសារជនសង្ស័យដោះស្បែក ដាក់កាបូបចុះលាងដៃជើងហើយរអិលធ្លាក់ក្នុងទឹកលង់ស្លាប់តែម្តង។
គួររម្លឹកថា ករណីអារ-កសម្លាប់កម្មារិនីរោងចក្រអំពូលភ្លើងម្នាក់យ៉ាងព្រៃផ្សៃកាលពីម្សិលមិញ បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន។ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យជាឃាតកសម្លាប់នារីរងគ្រោះហើយ គឺ ជនសង្ស័យជាសង្សារនារីរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវេលាម៉ោង៦និង៣២នាទីព្រឹក នៅក្នុងរោងចក្រ ធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ នាង ក្រឹម ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាសង្សារបស់នារីរងគ្រោះឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យសម្លាប់នារីរងគ្រោះជាសង្សារ ព្រោះ គ្រួសារខាងស្រីមិនឲ្យរៀបការ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង ៕