ករណីបុរសជនជាតិបរទេសម្នាក់សង្ស័យធ្វើអត្តឃាតសម្លាប់ខ្លួន

ភ្នំពេញ ៖ មានករណីបុរសជនជាតិបរទេសម្នាក់សង្ស័យធ្វើអត្តឃាតសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៧ នៅចំណុចច្រាំងទន្លេសាប ផ្លូវព្រះសុិសុវត្ថិ ភូមិ២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា សពឈ្មោះមិនស្គាល់អត្តសញ្ញាណភេទប្រុស កម្ពស់១៧៩សង់សុីម៉ែត្រសង្ស័យជាជនបរទេស។ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ូលិសការិយាល័យស៊ើបអង្កេត អនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ និងគ្រូពេទ្យកោសល្យពិច័យរាជធានី ដើម្បីបង្កើត គណៈកម្មការ ពិនិត្យសព។

សមត្ថកិច្ចបន្តថា ជាលទ្ធផលតាមការពិនិត្យរបស់សមត្ថកិច្ចចម្រុះបានបញ្ជាក់ថា សពស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។ក្រោយពីពិនិត្យរួចខាងជំនាញបច្ចេកទេសបានដឹកសាកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរង់ចាំស្រាវជ្រាវរកអត្តសញ្ញាណបន្ត៕