សមត្ថកិច្ចនគរបាលខេត្តកំពង់ធំចាប់ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីអំពើលក់ដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ

ខេត្តកំពង់ធំ៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ លន ប៉ិក ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅផ្សារកំបូល សង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរកាត់ដេរ ប្ដឹងពីឈ្មោះ ធុន ថុនា ភេទស្រី អាយុ ២៩ឆ្នាំ ស្នាក់នៅផ្សារកំបូល សង្កាត់ កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកំបូល ស្ដីពី ករណីបាត់កូនស្រី អាយុ០១ឆ្នាំ ០៦ខែ ។

នៅថ្ងៃសៅរ៍ ៥រោច ខែ កក្តិក ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនិងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ស្ទោងធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្សារស្ទោង ស្ថិតក្នុងភូមិ កំពង់ចិនត្បូង ឃុំ កំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ពីករណី ពាក់ព័ន្ធយកក្មេងទៅលក់ ឈ្មោះ ធុន ថុនា ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្សារកំបូល សង្កាត់កំបូល ខ័ណ្ឌ កំបូល រាជធានីភ្នំពេញ ។

លុះមកដល់ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានបញ្ជូនជនសង្ស័យ ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដេីម្បីចាត់ការបន្ត៕