ហួសចិត្ត! សមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក មិនចុះមកមេីល បុរសជនបរទេស ដែលដោះខោអាវ ដេីរពេញផ្លូវ និងរត់ឡេីងរបងក្រសួងសង្គមកិច្ចទេ ចាំឲ្យដើរផុតពីមូលដ្ឋានខ្លួនបាត់ ទេីបប្រាប់ថ្នាក់លេីវិញថា រកមិនឃេីញ តាមការពិត មិនឃេីញចុះមកសោះ!
ភ្នំពេញ ៖ បុរសបរទេសម្នាក់ មិនដឹងមកពីណា បានដើរជើងទទេទ្រេតទ្រោតតាមផ្លូវសាធារណៈ និងដេីរឆ្លងកាត់ផ្លូវគេធ្វេីដំណេីរ យ៉ាងអនាធិបតេយ្យ តែមិនឃេីញមានសមត្ថកិច្ចណាចុះមកទេ រហូតដេីរទៅឡេីងទ្វាររបងក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា តែត្រូវបានប្រជាពលរដ្ឋនិងអ្នកដំណេីរឆ្លងកាត់ឃេីញ ក៏ស្រែកឃាត់ចុះមកវិញ រួចផ្ដល់ដំណឹងទៅវិទ្យុABC ឲ្យជួយទាក់ទងសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយមេីលផង តែសោកស្ដាយដែលមិនឃេីញមានអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានអេីពេីសោះឡេីយ ទំនងជាបណ្ដោយឲ្យដើរទៅដល់ណាដល់ទៅ អោយតែផុតពីមូលដ្ឋានរបស់ខ្លួន គឺលែងមានបញ្ហាហេីយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បេីតាមសម្ដីប្រជាពលរដ្ឋបានប្រទះឃេីញដំបូង នៅចំណុចផ្លូវព្រះនរោត្តម ស្តុបចំការមន សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ គេឃេីញបុរសបរទេសម្នាក់ មិនដឹងថាស្រវឹងស្រា ឬបែកថ្នាំនោះទេ បានដើរជើងទទេកណ្ដាលថ្នល់ រហូតទាល់តែហែកអាវចេញអស់ និងស្រាតខោចេញអស់ សល់តែខោខ្លី ទ្រេតទ្រោត តាមផ្លូវសាធារណៈ រួចដេីរឆ្លងផ្លូវមកដេីរតាមផ្លូវត្រសក់ផ្អែម(ផ្លូវលេខ៦៣)រហូតដល់ក្រោយព្រឹទ្ធសភា ក៏មិនឃេីញមានសមត្ថកិច្ចណាចុះមកទេ ។
ប្រភពបន្តថា បុរសបរទេសនោះ ក៏ចេះតែដើរៗទៅមុខទៀត ដេីរឆ្លងពីផ្លូវម្ខាងទៅផ្លូវម្ខាងទៀត និងដេីរតាមផ្លូវ៦៣នោះដដែល ទិសដៅពីជើងទៅត្បូង រហូតដល់មុខសាលាភូមិន្ទរដ្ឋបាល ក៏ដេីរបត់ទៅតាមផ្លូវលេខ៤៦៦ ពីកេីតមកលិច រហូតមកដល់ផ្លូវព្រះមុនីវង្ស ក៏ដេីរឆ្លងផ្លូវ រួចដេីរលេីផ្លូវព្រះមុនីវង្ស ពីជេីងទៅត្បូងរហូតដល់មុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក៏បានឈរតោងទ្វារ មួយសន្ទុះក្រោយក្រោយមកកឡេីងលេីទ្វារបម្រុងផ្លោះចូលក្នុងក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា តែត្រូវបានប្រជាពលរដ្ឋនិងអ្នកដំណេីរឆ្លងកាត់ឃេីញ ក៏ស្រែកឃាត់ចុះមកវិញ ដោយខ្លាចកើតមានបញ្ហា គ្រោះថ្នាក់ ដោយប្រកាណាមួយដល់ជនបរទេសនោះ ប្រជាពលរដ្ឋក៏បានផ្ដល់ព័ត៌មានទៅវិទ្យុABC ដេីម្បីជួយទាក់ទងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងត្របែក នៃអធិការដ្ឋានខណ្ឌចំការមន មកជួយតាមមេីលផង ។
តែសោកស្ដាយដែលប្រជាពលរដ្ឋនិងក្រុមអ្នកយកព័ត៌មាន បានជួយឃាត់សួរនាំ រងចាំមេីលសមត្ថកិច្ចចុះមកអន្តរាគមន៍ តែមិនឃេីញមានអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋាន ណាអេីពេីសោះឡេីយ។
ប្រភពដដែលបន្តថា បុរសបរទេសនោះ នៅតែដេីរទៅមុខទៀត រហូតចូលទៅក្នុង ផ្សារទំនេីបមួយទល់មុខ សកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បង្កការភ្ញាក់ផ្អេីលពេញក្នុង Mart រួចក៏ចេញមកក្រៅវីញ ដេីរទៅចូលក្នុងភោជនីយដ្ឋានចិនមួយកន្លែងទៀត ក៏ត្រូវបុគ្គលិកក្នុងភោជនីយដ្ឋានដេញចេញមកវិញ រួចបុរសបរទេសនោះ មកបញ្ចេញក្បាច់គុន ដាក់អ្នកសារព័ត៌មាន រួចដេីរទៅបន្តដេីរទៅ ដល់ស្តុបមុខវិទ្យាល័យបឹងត្របែក ក៏មិនឃេីញសមត្ថកិច្ចណាចុះមកដែរ នេះប្រហែលជាសមត្ថកិច្ចមូលដ្ឋាន បណ្ដោយឲ្យបុរសបរទេសនោះ ដើរទៅដល់ណាដល់ទៅ អោយតែផុតពីមូលដ្ឋានរបស់ខ្លួន រួចរាយការណ៍ប្រាប់ថ្នាក់លេីថា រកមិនឃេីញ គឺលែងមានបញ្ហាហេីយមេីលទៅ តាមការពិត មិនឃេីញសមត្ថកិច្ចចុះមកកន្លែងកេីតហេតុឡេីយ ៕