បុរសវ័យចំណាស់ម្នាក់ដេកស្លាប់នៅទីលានចាក់សំរាមយ៉ាងអាណោចអធ័មចោលប្រពន្ធមានផ្ទៃពោះ៦ខែនិងកូនប្រាំនាក់
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានដេកស្លាប់នៅទីលានចាក់សំរាមយ៉ាងអាណោចអធ័មបន្សល់ទុកកូន០៥នាក់នៅក្នុងបន្ទុក និងប្រពន្ធមានផ្ទៃពោះ៦ខែឲ្យរស់នៅកំព្រា បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ១៥ និង២០នាទីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅទីលានចាក់សំរាមក្នុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ផុន សាវី ភេទប្រុស អាយុ ៤៨ឆ្នាំមុខរបរកាយសំរាមរើសអេតចាយ ស្នាក់កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិមេលោម ស្រុកពារាំង ខេត្តព្រៃវែង ប្រពន្ធ មានផ្ទៃពោះ៦ខែ និងកូនប្រុសស្រី០៥នាក់រស់នៅក្នុងបន្ទុក។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះបានដើរកាយសំរាមរើសអេតចាយដូចសព្វដងលុះដល់ម៉ោងកើតហេតុជនរងគ្រោះមានអាការៈវិលមុខដួលតែម្ដងហើយអ្នករើសអេតចាយដូចគ្នាឃើញក៏បាននាំគ្នាយកប្រេងកូឡាប្រេងខ្យល់មករឹតឲ្យគាត់តែអកុសល់ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយបន្ទាប់មកក៏បានរាការណ៍ជូនសមត្ថកិច្ចភ្លាមៗដែរ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកកោសល្យវិច័យចុះមកធ្វើកោសល្យវិច័យរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឬស្សីសាញ៕