តុលាការខេត្តកំពង់ចាមចោទប្រកាន់លើឈ្មួញឈ្មោះ ឆាយ មុំ ពីបទក្លែងឯកសារយកដីលោកយាយ ប៉េង សារូ និងបិទការស៊ើបសួរ បញ្ជូនទៅជំនុំជម្រះ
(កំពង់ចាម)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចបិទការស៊ើបសួរ លើសំណុំរឿង ដែលលោកយាយ ប៉េង រូ ហៅ ប៉េង សារូ វ័យ៦២ឆ្នាំ ប្តឹងឈ្មួញឈ្មោះ ឆាយ មុំ ពីបទ ក្លែងឯកសាររំលោភយកដី ទំហំជិត ៤ហិកតា នៅក្នុងភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងបញ្ជូនទៅចាត់ការបន្តដើម្បីរងចាំថ្ងៃបើកសវនាការកាត់ទោសជនជាប់ចោទ។
យោងតាមលិខិតជូនព័ត៌មានស្តីពី ការបញ្ចប់ការស៊ើបសួរ លេខ ៦១១៣ ពស ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ របស់លោក សួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា លោកបានសម្រេចបិទបញ្ចប់ការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៥៥ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ហើយ។
លិខិតដដែលបានឲ្យដឹងថា តំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ឆាយ មុំ ភេទស្រិី អាយុ ៥១ឆ្នាំ ពីបទ ប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅចំណុចត្រើយម្ខាង ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីខែឧសភា ឆ្នាំ២០១៩ យោងតាមមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ ដែលជនត្រូវចោទអាចប្រឈមការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅដល់ ៣ឆ្នាំ។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ លោកយាយ ប៉េង រូ ហៅ ប៉េង សារូ បានដាក់ពាក្យប្តឹងឈ្មោះ ឆាយ មុំ ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆាម ពីបទ ក្លែងឯកសារកិចក្ចសន្យាទិញលក់ដី និងលួចវាស់ដីរបស់លោកយាយទំហំ ៣៦,៩១៨ម៉ែត្រការ៉េ មានទីតាំងខាងលើ។
ខណៈសំណុំរឿងព្រហ្មទណ្ឌដែលលោកយាយ ប៉េង សារូ ប្តឹងឈ្មោះ ឆាយ មុំ ក្លែងឯកសារ និងលួចវាស់យកដី កំពុងដំណើរការនៅតំណាក់កាលអយ្យការ ស្រាប់តែនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ លោក តូង ពុទ្ធារ៉ា ចៅក្រមជំនំជម្រះ នៃសាលាដំបូងខេត្តកំពង់ចាម បានប្រកាសសាលក្រមសម្រេចឲ្យលោកយាយ ប៉េង សារូ និងប្តីឈ្មោះ ហម លឿន ប្រគល់ដីជិត ៤ហិកតាខាងលើទៅឲ្យឈ្មោះ ឆាយ មុំ ជាឈ្មួញទិញដី។
ដោយសារតែយល់ថា សេចក្តីសម្រេចរបសើលោក តូង ពុទ្ធារ៉ា ចៅក្រមជំនំជម្រះ នៃសាលាដំបូងខេត្តកំពង់ចាម ពុំមានយុត្តិធម៌ ទើបនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោកយាយ ប៉េង សារូ បានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមលេខ ២៦៩ “ឆ” របស់តុលាការខេត្តកំពង់ចាម។
លោកយាយ ប៉េង សារូ និងប្តីឈ្មោះ ហម លឿន សង្ឃឹមជឿជាក់ថា តុលាការខេត្តកំពង់ចាម និងសាលាឧទ្ធរណ៍ នឹងអាចផ្តល់យុត្តិធម៌ឲ្យពួកគាត់បាន ដើម្បីឲ្យពួកគាត់ទទួលបានដីស្របច្បាប់នោះមកអាស្រ័យផលដូចដើមវិញ៕