នគរបាលខណ្ឌដូនពេញ ឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀននៅថភ្លើង ប្រុសស្រីចំនួន១២នាក់

ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រីចំនួន ១២នាក់ ជាមុខសញ្ញា ជួញដូរ និង ប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ ចុះបង្រ្កាប់ កាលវេលាម៉ោង ០១រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ចំណុចឃ្លាំងស្តុបរថភ្លើង តាមបណ្ដោយផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ឯក ម៉ៅ ចាន់ថុន អធិការងទទួលផែនគ្រឿង ញៀនខណ្ឌដូនពេញ បានឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និង អនុលោមតាមគោលការណ៍ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងក្រោយពីកំណត់បានមុខសញ្ញា និង ទីតាំងប្រព្រឹត្តសកម្មភាពបទល្មើសដែលកើតមានក្នុងមូលដ្ឋានរហូតឈានដល់បើកកិច្ចប្រតិបត្តិការឆ្មក់ចុះបង្ក្រាបមុខសញ្ញា ជួញដូររួមទាំងប្រើប្រាស់គ្រឿងញៀនដែលកំពុងពួនសម្ងំលាក់ខ្លួន ជួញដូរ និង ប្រើប្រាស់គ្រឿងញៀន នៅចំណុចឃ្លាំងស្តុបរថភ្លើង តាមបណ្ដោយផ្លូវរថភ្លើង ក្រុម៣៩ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២នាក់ (ស្រី៣នាក់) រួមនិង ដកហូត សារធាតុញៀន និង សម្ភារៈចែកចាយសារធាតុញៀនមួយចំនួន។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យរកឃើញមាន ក្រាមសរ ថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៩កញ្ចប់តូច, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន, ដាវកែច្នែចំនួន០៣ដើម, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ទាំង១២នាក់ រួមនិង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមក ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕