យុវជនម្នាក់សង្ស័យបែកថ្នាំ បានយកប្រេងកាតដុតផ្ទះលោកយាយខ្លួនឯង បណ្ដាលឲ្យឆាបឆេះសម្ភារៈមួយចំនួនធំ
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានកើតឡើង បង្កដោយយុវជនម្នាក់សង្ស័យបែកថ្នាំ បានយកប្រេងកាតដុតផ្ទះលោកយាយរបស់ខ្លួនឯង បណ្ដាលឲ្យឆេះសម្ភារៈក្នុងផ្ទះមួយចំនួនធំ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង២ និង២០នាទីយប់ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វែងជាន់ទី២មួយកន្លែង តាមបណ្ដោយផ្លូវ១០៧ កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យុវជនបង្កហេតុខាងលើមានឈ្មោះ ផុត យូណាម អាយុ២៧ឆ្នាំ មុខរបបសន្តិសុខឯកជន រស់នៅជាមួយលោកយាយ ត្រង់ចំណុចកើតហេតុ ។
បើតាមសម្ដីលោកយាយរបស់ជនបង្កខាងលើបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គាត់ឃើញចៅប្រុសរបស់ខ្លួនមានអាការៈដូចជាបែកថ្នាំ ព្រោះចៅរបស់គាត់ធ្លាប់ប្រើប្រាស់សារធាតុញៀនជាប្រចាំ ។ បន្ទាប់មកជនបង្កបានប្រមូលខោអាវ ព្រមទាំងសម្ភារៈក្នុងផ្ទះមួយចំនួន រួចចាក់ប្រេងកាតដុតចោលតែម្ដង បណ្ដាលឲ្យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ទើបធ្វើឲ្យប្រជាពលរដ្ឋរស់នៅជិតខាងមានការព្រួសបារម្មណ៍ខ្លាចរាលដាលដល់ផ្ទះផ្សែងៗ ដោយអ្នកខ្លះយកទឹកមកជះពន្លត់ និងអ្នកខ្លះទៀតរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចឲ្យចេញរថយន្តពន្លត់មកជួយអន្តរាគមន៍បាញ់ពន្លត់ច្រើនគ្រឿងផងដែរ ។
ក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង តែប្រើប្រាស់អស់ទឹក៨ឡាន ដោយប្រើពេលជាង១ម៉ោង ទើបបាញ់រលត់ទៅវិញជាស្ថាពរ សំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។ ចំពោះយុវជនសង្ស័យបែកថ្នាំខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល មនោរម្យ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី ៕