ជួយរកសាច់ញាតិផង…! យុវជនម្នាក់ជិះម៉ូតូលឿនពេក ទៅបុកពីក្រោយរថយន្តស៊ីទែនដឹកមេស៊ីម៉ងត៍ ចតចោលអែបចិញ្ចេីមផ្លូវ បាក់កស្លាប់ នៅខណ្ឌច្បារអំពៅ
អត្ថបទ& រូបភាព៖ បងម៉េង
រាជធានីភ្នំពេញ ៖ គួរឲ្យអាសូរ! យុវជនម្នាក់ បេីកម៉ូតូ Beat មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តស៊ីទែនធុនធំមួយគ្រឿង ដឹកមេស៊ីម៉ងត៍ ដែលចតស្ងៀមចោលអែបចិញ្ចេីមផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង០២:៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចជិតជញ្ជីងថ្លឹងរថយន្ត លេីផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឳ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តប្រភេទសណ្ដោងកុងតឺន័រមួយគ្រឿង ម៉ាក ISUZU ក្បាលពណ៍កាប់ស្តាំង ពាក់ស្លាកលេខព្រះសីហនុ 3A-2568 សណ្ដោងស៊ីទែនមេស៊ីម៉ងត៍ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកេីត បានមកឈប់អែបចិញ្ចេីមផ្លូវនៅចំណុចកេីតហេតុ ដោយមិនបានដាក់សញ្ញាសម្គាល់ ឬចំណាំងភ្លេីងអ្វីនោះទេ ស្រាប់តែជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៉ិត (Honda Beat) ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខកណ្ដាល1AB-3870 បានធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកេីតស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន និងទំនងជាមេីលមិនឃេីញ ក៏ជ្រុលទៅបុកផ្ទប់ចំកាងដែកខាងក្រោយ បណ្តាលអោយបែកមួកការពាររបូតចេញពីក្បាលរបស់គាត់ បាក់កស្លាប់តែម្តង ចំណែកឯតៃកុងរថយន្តដែលដេកក្បែរនោះ មើលសភាពមិនស្រួល ក៏បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណេីរឆ្លងកាត់នោះ ចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមេីលភ្លាមៗដែរ តែអកុសជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិត។
ក្រោយពេលកេីតហេតុសម្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចអោយរថយន្តដឹកសព ដឹកយកទៅតម្កល់នៅវត្ត ដេីម្បីស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕