ជនជាតិវៀតណាម២នាក់ ត្រូវកម្លាំងល្បាតឃាត់ខ្លួន បន្ទាប់ពីពួនចាំកន្លែងងងឹត យកដុំគប់ទៅលេីអ្នកដំណេីរនៅចាក់អង្រែក្រោម
រាជធានីភ្នំពេញ ៖ យុវជនជនជាតិវៀតណាម២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែក្រោម ឃាត់ខ្លួនបាន បន្ទាប់ពីនាំគ្នាពួនកន្លែងងងឹត ប្រដាប់ដោយដុំថ្មគប់ទៅលើយុវជនម្នាក់ កំពុងបេីកម៉ូតូធ្វើដំណើរតាមផ្លូវ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១:៤០នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចមុខច្រកផ្លូវបេតុង ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងប្រុសម្នាក់ អាយុប្រហែល១៨ឆ្នាំ ជិះម៉ូតូ ម៉ាក ZoomerX ធ្វេីដំណេីរតាមផ្លូវជាតិលេខ២ ឆ្លងកាត់កន្លែងកេីតហេតុខាងលេី ដែលជាទីស្ងាត់និងងងឹតដែលមានយុវជនជនជាតិវៀតណាមខាងលេី កំពុងពួនចាំ ដោយមិនដឹងខ្លួន ស្រាប់តែលេចមុខពួកគេបានយកដុំថ្ម ដែលបានត្រៀមទុកជាស្រេចនោះ មកធ្វេីសកម្មភាពគប់ទៅលើក្មេងប្រុសនោះ តែមិនត្រូវ ទេីបក្មេងប្រុសនោះ ប្រញាប់ជិះទៅផ្ទះ រួចប្រាប់បងប្រុសរបស់ខ្លួន រួចក៏រាយការណ៍ប្រាប់កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍ចាក់អង្រែក្រោម ដែលកំពុងល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន និងឈរជេីងនៅមិនឆ្ងាយពីកន្លែងកេីតហេតុនោះ បានចេញអន្តរាគមន៍ឆ្ពោះទៅចំណុចកេីតហេតុតែម្ដង គ្រាន់តែឃេីញកម្លាំងសមត្ថកិច្ចភ្លាម ជនសង្ស័យ៤នាក់ នាំគ្នារត់ចូលច្រកដឿងហែម ចុះទៅមាត់ទន្លេបម្រុងគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ រួមទាំងដុំថ្ម៣ដុំ រួចវាយខ្នោះនាំមកស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម ដេីម្បីប្រគល់អោយប៉ុស្តិ៍ធ្វេីការសាកសួរ ចំណែកឯបក្ខពួក២បាក់ទៀត បានរត់គេចខ្លួនបាត់អស់ ។
នៅចំពោះមុខសមត្ថកិច្ចយុវជនជនជាតិវៀតណាមទាំងពីរនាក់ឆ្លេីយថា ពួកគេទាំងពីរនាក់គ្រាន់តែជាមិត្តភ័ក្តប៉ុណ្ណោះ ចំណែកឯអ្នកគប់ រត់ចុះទៅមាត់ទន្លបាត់ហេីយ ។
ក្រោយពីឃាត់ខ្លួនបានជនទាំងពីរនាក់ខាងលេីនេះ សមត្ថកិច្ចបាននាំខ្លួនចូលប៉ុស្តិ៍ចាក់អង្រែក្រោម ហើយភាគីបងប្រុសរបស់ជនរងគ្រោះ ក៏មិនប្តឹងផ្តល់អ្វីដែរ គ្រាន់តែសូមឲ្យសមត្ថកិច្ចធ្វេីការអប់រំណែនាំ ហៅអាណាព្យាបាលមកធានាត្រលប់ទៅផ្ទះវិញ ដើម្បីបញ្ចប់រឿងផងដែរ ៕ ដោយ៖ បងម៉េង