ជិះម៉ូតូលឿនពេក មិនប្រយ័ត្ន ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវស្លាប់ម្នាក់ រងរបួសស្រាលម្នាក់

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ ជ្រុលទៅបុករបាំងថ្មចែកផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់៕

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ នឹង ៥០នាទីយប់ ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៩ នៅត្រង់ចំណុចជិតរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះអ្នកបើកម៉ូតូ (ស្លាប់) មានឈ្មោះ ម៉ន អេងទី ភេទ ប្រុស អាយុ ១៨ មានស្រុកកំណើត ភូមិស្រឹង ឃុំព្នៅទី១ ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង ចំណែកអ្នករួមដំណើរងរបួសស្រាល មិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P-5912 ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ផ្លូវកោងកាច់ចង្កូតមិនទាន់ ជ្រុលទៅបុកផ្ទប់នឹងទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតអ្នករួមដំណើរពីក្រោយរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋា និងជំនាញបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត តាមប្រពៃណី៕