ឃាតក​សម្លាប់ជនជាតិ​ចិន​កាប់​បំបែក​សាកសព​បី​កំណាត់​ នៅ​ក្រុង​ព្រះសីហនុ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ​ ជា​អំពើ​ប្លន់​ អតិថិជន​មក​ប្តូរ​ប្រាក់​

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី​៣ ខែ​តុលា​ ឆ្នាំ​២០១៩​ នេះ​លោក​ឧត្តម​សេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ បាន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ បាន​ថត​រូប​ យក​ព័ត៌មាន​ អំពី​ការ​បង្រ្កាប​បទល្មើស​ឧក្រិដ្ឋ​មួយ​ករណី​ (មនុស្ស​ឃាត​ដោយ​​គ្រោងទុក​មួយ)​ ទៅ​លើ​ជន​រង​គ្រោះ​ជា​ជន​ជាតិ​ចិន​ ហើយ​បាន​កាប់​បំបែក​សាកសព​ជា​បី​កំណាត់​ យក​ទៅ​បោះចោល​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នៅ​តំបន់​អូរ​ត្រេះ​ចាស់​ ភូមិ​៦​សង្កាត់​លេខ​៤​ក្រុង​ព្រះសីហនុ​។
របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០នាទី មានប្រជាពលរដ្ឋបានមកប្តឹងរាយការណ៍ថា៖ គាត់បានឃើញសាកសព មនុស្ស​ នៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់លេខ​៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណារិន្ទ ស្នងការ​នគរបាលខេត្ត​ បាន​ដាក់​ផែនការ​ ឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ បន្ទាប់ពីបើកភួយដែលគ្រប់ ក៏បានឃើញសាកសព​ ជាជនជាតិចិនភេទប្រុស ត្រូវបានឃាតករសម្លាប់ដោយកាត់ផ្តាច់បំពង់ក និងចាក់លើដងខ្លួនជាច្រើនកាំប៉ិត រួចកាត់បំណែក យកសាកសពមួយ​កំណាត់​ខ្លួនដល់ក្បាល មកចោលនៅទី​នេះ។
ក្រោយ​ការ​ស៊ើប​អង្កេត​ទើប​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរប្តូរប្រាក់​ បើក​ហាង​នៅ​ក្រុម​ទី​១៤ភូមិ៤​ សង្កាត់​លេខ​៤​ក្រុង​ព្រះសីហនុ​លិខិតឆ្លងដែនលេខៈ ED7591553 ។
លោកឧត្តម​សេនីយ៍​ត្រី​កុល​ ផា​លី​ស្នងការ​រង​ទទួលផែន ព្រហ្មទណ្ឌ បាន​ឲ្យដឹង​ថា៖ អំពើ​មនុស្ស​ឃាត​នេះ​ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​អគ្គ​ស្នងការ​នគរបាល​ ឯក​ឧត្តម​អភិបាល​ខេត្ត​ និង​លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការ​នគរបាលខេត្ត​ ជំរុញ​ឲ្យ​​បើក​ការ​ស៊ើប​អង្កេត​ដោយ​យកចិត្ត​ទុកដាក់​បំផុត​។
កម្លាំងជំនាញផែន​ នគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ ដោយ​មាន​ការ​ចូល​រួម​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ រហូតដល់​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​បាន​ ហើយ​ឈាន​ទៅ​ចាប់​ខ្លួន​ នៅវេលាម៉ោង២:០០​ឈាន​ចូល​ថ្ងៃទី​២ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ភូមិ៤ សង្កាត់​លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិនមុខរបរប្តូរប្រាក់ កាន់​លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ នៅក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ចាប់​យក​បាន​វត្ថុ​តាង​ មាន​៖ -កាំប៉ិតបុ័ងតោ១ដើម (អាវុធកាប់សម្លាប់ជនរងគ្រោះ)អាវយឺតដៃវែង១ពណ៌ផ្ទៃមេឃ មានប្រឡាក់ឈាម (រកឃើញកន្លែងដែលប្លុងសាកសពចោល អូរត្រេះ២ ជាអាវរបស់ជនសង្ស័យពេលធ្វើសកម្មភាពរួច យកអាវរុំសាកសព)-ខោជើងវែង ពណ៌សលាយឆ្នូតខ្មៅ ១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ -ខោជើងវែង ពណ៌ខ្មៅលាយឆ្នូតស ០១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ)-អាវយឺតដៃវែង ពណ៌សលាយឆ្នូតខ្មៅ ០១ មានប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ ជាំងស៊ូ)-អាវយឺតដៃខ្លីពណ៌ស១ មាន​ប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ជាំងស៊ូ)-អាវក្រៅដៃវែង ពណ៌ស១ មាន​ប្រឡាក់ឈាម (រកឃើញនៅកន្លែងកើតហេតុ ក្នុងហាងប្តូរប្រាក់ជាំងស៊ូ)
-រថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 (មធ្យោបាយដឹកជញ្ជូនសាកសពជនរងគ្រោះយកទៅប្លុងចោល) ។
ចម្លើយ​សារភាព​របស់​ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ៖ រឿង​ហេតុ​កើតឡើង​ ដោយសារជនរងគ្រោះបានមាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ​ ដើម្បីប្តូរប្រាក់ចិនមក​ជាប្រាក់ដុល្លារអាមេរិក​ ចំនួន ៧០.០០០$ (ប្រាំពីរ​ម៉ឺនដុល្លារអាមេរិច) លុះនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧:០០នាទី ជនរងគ្រោះបានទៅហាងប្តូប្រាក់របស់ជនសង្ស័យ ដែលមានស្លាកយីហោ​ ប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីជនរងគ្រោះបានវេប្រាក់ទៅអោយជនសង្ស័យរួចរាល់ហើយ ក៏ត្រូវបាន ជនសង្ស័យប្រើកាំប៉ិតកាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបាន​កាត់សាកសពជា ៣កំណាត់ រួចវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩
ជនសង្ស័យបានទៅជួលរថយន្ត១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 ដើម្បីដឹកសាកសពរបស់ជនរងគ្រោះយកទៅប្លុងចោលនៅកន្លែងផ្សេងៗពីគ្នា៖
កំណាត់ទី១ ពីក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។
កំណាត់ទី២ ពីចង្កេះដល់ជង្គង់ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
កំណាត់ទី៣ ពីជង្គង់ដល់បាតជើង យកទៅប្លុងចោលនៅក្នុងព្រៃ​ក្បែរ​អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ករណីនេះសមត្ថកិច្ច​ជំនាញ​បាន​កសាងសុំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅសាលាដំបូងខេត្ត។