ដោះស្រាយគំនុំចាស់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង តាមចាប់រហូតដល់ទឹកដីខេត្តព្រះវិហារ
ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ អនុវត្តតាម ដីកាបង្គាប់ឲ្យនាំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានបានដឹកនាំកងកម្លាំងនគរបាលក្នុងផែន ដែលមានលោក វរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការណ៍ជាមួយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការឃាត់និងនាំខ្លួនជនសង័្សយចំនួន ០២នាក់ភេទប្រុស ដែលទាក់ទងនឹងករណី (បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយការប្រើប្រាស់អាវុធ) កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនសង័្សយទាំងពីរនាក់រួមមាន៖១-ឈ្មោះ ចក់ ផល្លី ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ២-ឈ្មោះ ចក់ សានិត ហៅ នុត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់បានឲ្យដឹងថាកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០ និង១៤នាទី នៅលើដងផ្លូវក្នុងភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងមានករណី (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ) មួយបានកើតឡើងបង្កដោយជនសង័្សយមួយក្រុមមានគ្នាចំនួន០៤នាក់ បានប្រើប្រាស់កាំបិត ស្ទាក់កាប់ប្រហារទៅលើជនរងគ្រោះចំនួន០៣នាក់បណ្តាលឲ្យ (ស្លាប់) ចំនួនម្នាក់និង ០២នាក់ទៀតទទួលរងរបួសត្រូវនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំង០៣នាក់រួមមាន៖
១-ឈ្មោះ លន់ ឡា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (ស្លាប់)។
២-ឈ្មោះ រ៉ុង ណារ៉ូ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (រងរបួស)
៣-ឈ្មោះ កូវ សុជឿត ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (រងរបួស)។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌបានបញ្ជាក់ថា នៅក្រោយពេលករណីនេះកើតឡើង និងអនុវត្តនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលយើងបានធ្វើការស្រាវជ្រាវជាបន្ទាន់រហូតឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយចំនួនម្នាក់ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ គឺឈ្មោះ នី គឹមហេង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំកន្ទឺ០១ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយឆ្លងតាមរយៈការស្រាវជ្រាវ និងអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលា ដំបូងខេត្តបាត់ដំបងទើបសមត្ថកិច្ចនគរបាលសហការណ៍ឃាត់និងនាំខ្លួនបក្សពួកជនសង័្សយចំនួន០២នាក់បន្ថែមទៀត រហូតដល់ខេត្តព្រះវិហារ។ លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងបានបញ្ជាក់ថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលកើតឡើងខាងលើនេះគឺបណ្តាល មកពីរឿងគំនុំ រវាងក្រុមជនសង័្សយ និងក្រុមជនរងគ្រោះ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវបន្ថែមនិងរៀបចំបញ្ជូនជនសង័្សយខាងលើទៅកាន់អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់។