ឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួន និងបង្គោលភ្លើង រលើងដល់គល់ បុើងមកកណ្តាលផ្លូវបាក់ពីរកំណាត់
ភ្នំពេញ៖ បុរសម្នាក់បើកក្រឡុកសុីម៉ងត៍ក្រុមហ៊ុនចិន សុីង សេង មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួនជាច្រើនដើម និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម រលើងដល់គល់បាក់ជាពីរកំណាត់ ខ្ទាតមកកណ្តាលផ្លូវ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតចំណុចមុខ ភោជនីយដ្ឋាន កាដូ តាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តក្រឡុកសុីម៉ងត៍ ក្រុមហ៊ុនចិនសុីង សេង មួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2113 ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងោកមួយភាំង រេចង្កូតមកខាងឆ្វេងដៃហោះឡើងលើសួនច្បារចែកទ្រូងផ្លូវ បុករះដើមឈើលម្អរសួនបាក់ជាច្រើនដើម និងខឿនសួនអស់ជាច្រើនកង់ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម រលើងដល់គល់ បុើងមកកណ្តាលផ្លូវ បាក់ជាពីរកំណាត់ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ចំណែករថយន្តបង្កផុងជាប់ទៅមុខលែងរួច បន្ទាប់មកតៃកុងរថយន្តបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕