បុរសម្នាក់ទៅលេងទឹក ខណៈខ្លួនស្រវឹងស្រាបានលង់ទឹកស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានលង់ទឹកស្លាប់ ខណៈស្រវឹងស្រា។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់កងកម្លាំងនគរ​បាលបានចុះរាវរក ប្រមាណជាកន្លះម៉ោងទើបរកមនុស្សឃើញ។ ករណីលង់ទឹកប្រឡាយនេះ បានកើតឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំពីសង្កាត់ភ្នៀត ទៅផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ៖​ ជនរងគ្រោះឈ្មោះ យ៉ាន់ យឿត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយចុះទៅលេងទឹកប្រឡាយ ដែលកំពុង​ឡើងខ្លាំងលិចវាល ហើយជាកន្លែងផ្លូវដាច់មានទឹកហូរ ទើបបណ្តាលឲ្យលង់ទឹក។ ក្រោយកើតហេតុ កងកម្លាំងនគរបាល និងប្រជាពលរដ្ឋ នៅទីនោះបាននាំគ្នាចុះជួយរាវរកប្រហែលជាកន្លះទើបរកឃើញ រួចបានដឹកយកមកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ តែជាអកុសលមកដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយមក សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕​​ gdlf