បើករថយន្តបែនដឹកដី មិនគោរពភ្លើងស្តុប ត្រូវរថយន្តព្រូស បុកចំពាក់កណ្តាលខ្ទេចមួយកំណាត់មុខ
ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿង បើកមិនគោរពភ្លើងស្តុប ត្រូវបានរថយន្តព្រូសបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងដែលមិនបង្កឲ្យអ្នករងតបួស ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0446 បេីកបរតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុខាងលើ ស្តុបកាណាឌីយ៉ាភ្លើងក្រហម ឃើញរាងស្រឡះគាត់ជាន់បន្ថែមល្បឿន ត្រូវបានរថយន្តព្រូសពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8017 មួយគ្រឿងទៀត បើកបរដោយបុរសជនជាតិចិន និងមិត្តភក្តិទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចាប់ហ្វ្រាំងមិនទាន់បុករថយន្តធុនបែនដឹកដីយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុ ក៏មានតំណាងខាងរថយន្តដឹកដី បានមកដល់ធ្វើការចរចាជាមួយនឹងភាគីជនជាតិចិន ព្រមព្រៀងសងសំណងទៅឲ្យខាងរថយន្តជនជាតិចិនចំនួន ២០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។