ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកមានគ្នា 5 នាក់បានជិះម៉ូតូចំនួន 2 គ្រឿងបានធ្វើសកម្មភាពតាមជនរងគ្រោះឆក់ទូរស័ព្ទមួយគ្រឿង

ភ្នំពេញៈជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកមានគ្នា 5 នាក់បានជិះម៉ូតូចំនួន 2 គ្រឿងបានធ្វើសកម្មភាពតាមជនរងគ្រោះឆក់ទូរស័ព្ទមួយគ្រឿង ខណៈពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវ 375 ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់បានសម្រេចតែរត់មិនរួចត្រូវបានជនរងគ្រោះរួមទាំងប្រជាពលរដ្ឋដេញចាប់បានភ្លាមៗម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 4 និង 20 នាទីល្ងាចថ្ងៃទី 18 ខែកញ្ញាឆ្នាំ 2019 ស្ថិតនៅត្រង់ចំនុចតាមបណ្ដោយផ្លូវ 375 កែងនឹងផ្លូវ 516 ក្នុងសង្កាត់បឹងកក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សលាយពណ៌ស្លាទុំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BI-2700 ធ្វើដំណើរតាមបណ្តោយផ្លូវ375 ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលដែលកំពុងធ្វើដំណើរមកដល់ចំណុចកើតហេតុកែងផ្លូវ516 ក៏ស្រាប់តែលេចមុខជនសង្ស័យគ្នា 5 នាក់ជិះម៉ូតូចំនួន 2 គ្រឿង 1គ្រឿងម៉ាក suzuki Nex ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1HV-9845ជិះគ្នា02នាក់និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ សេរីឆ្នាំ2018 ជិះគ្នា03នាក់បានធ្វើដំណើរតាមពីក្រោយហើយធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច តែត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងថាចោរៗហើយដេញតាមត្រូវបានប្រជាពលរដ្ឋជួយស្ទាក់ចាប់បានជនសង្ស័យម្នាក់ជិះម៉ូតូNexបានភ្លាមៗតែម្ដង ចំណែកបក្សពួកជនសង្ស័យចំនួន04នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងទីតាំងកើតហេតុក៏បាននាំយកជនរងគ្រោះមកកាន់នគរបាលប៉ុស្ដិ៍បឹងកក់ 1 ដោយឡែកក្រោយពីនាំជនសង្ស័យមកដល់បុស្តិ៍នគរបាលបឹងកក់ 1 លោក គឹម សុីណាតមេប៉ុស្តិ៍បឹងកក់1គាត់មិនបានអោយក្រុមអ្នកសារព័ត៌មានផ្តិតយករូបភាពជនសង្ស័យទេដោយដេញអ្នកសារព័ត៌មានខាងក្រៅអោយចុះមកក្រោមហាក់បីដូចជាចង់លាក់បាំងនូវករណីឆក់នេះកើតមាននៅក្នុងមូលដ្ឋាន។ប្រជាពលរដ្ឋបានលើកឡើងថានៅក្នុងមូលដ្ឋានបឹងកក់ទី1នេះតែងតែកើតមានករណីឆក់ជាញឹកញាប់នៅក្នុងមូលដ្ឋានដែលបង្ករអសន្តិសុខគ្មានសុវត្ថភាពជូនប្រជាពលរដ្ឋ ហើយសមត្ថកិច្ចមិនដែលអើពើឬក៏បង្ក្រាបបានម្ដងណាទេបើប្រជាពលរដ្ឋចាំមិនបានជនសង្ស័យនិងរត់គេចខ្លួនបាត់ដោយសុវត្ថិភាពហើយចេញមកធ្វើសកម្មភាពជាញឹកញាប់បន្តបន្ទាប់មុខដដែលៗ ជាក់ស្ដែងនាល្ងាចថ្ងៃទី18ខែកញ្ញានេះមានករណីឆក់នៅក្នុងមូលដ្ឋានបឹងកក់មួយនេះនៅចំណុចផ្លូវ375ហើយត្រូវបានជនរងគ្រោះចាប់បានជនសង្ស័យម្នាក់ភ្លាមៗនៅកន្លែងកើតហេតុប្រគល់អោយសមត្ថកិច្ចរីឯបក្ខពួកចោរ04នាក់ទៀតរត់គេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់លោកមេប៉ុស្តិ៍បឹងកក់មួយទេ។