អភិក្រមទី៥ សូម្បីវិស័យពុទ្ធចក្រក៏វះកាត់ដែរ! សម្តេចព្រះសង្ឃរាជ ទេព វង្ស សម្រេចបញ្ចប់តួនាទីជាទីប្រឹក្សារបស់ចៅអធិការវត្តគោកបញ្ជាន់ក្រោយធ្លាយរឿងលួចដីវត្តលក់ជាច្រើនហិកតា

ភ្នំពេញ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច បញ្ចប់តួនាទីជាទីប្រក្សារបស់ភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ បន្ទាប់ពីផ្ទុះរឿងអាស្រូវលួចដីវត្តលក់។

យោងតាមសេចក្តីសម្រេច«ពិសេស» ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា សេចក្តីសម្រេចបញ្ចប់តួនាទីភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ ពីទីប្រឹក្សា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយមូលហេតុថា ព្រះសង្ឃរូបនេះ មិនគោរពមន្ត្រីសង្ឃ អសមត្ថភាពគ្រប់គ្រងដឹកនាំវត្ត ពុទ្ធបរិស័ទបែកបាក់គ្នា វត្តមានអធិករណ៍កើតឡើង។

សូមជម្រាបជូនថា បន្ទាប់ពីព្រះអង្គ សេង ថង ទទួលតួនាទីជា ចៅអធិការវត្តគោកបញ្ជាន់ មានអធិករណ៍បានកើតឡើងក្នុងវត្តមួយនេះដ៏ធំមួយបានកើតឡើង គឺព្រះសង្ឃអង្គនេះ បានបើកកិច្ចសហប្រតិបត្តិការជាមួយអាចារ្យ និងគណៈកម្មការវត្ត លួចលក់ដីវត្តចំនួន ២ទីតាំង បង្កភាពក្តៅក្រហាយដល់ប្រជាពុទ្ធបរិស័ទ ដែលឈានដល់មានរឿងក្តីក្តាំនឹងគ្នានៅតុលាការក្រុងភ្នំពេញ។

នៅអំឡុងឆ្នាំ២០១៧ តំណាងប្រជាពុទ្ធបរិស័ទ បានប្តឹងព្រះសង្ឃ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ និងសមាជិកគណៈកម្មការវត្តឈ្មោះ ហ៊ុន សុខលី, ឈ្មោះមុយ ឆៃលីន, ឈ្មោះ មុយ ប៉ាក,ឈ្មោះ ទួច ទឹម, ឈ្មោះ ឡុង ហូយ,ឈ្មោះ ទូច សារ៉ាត់ និងឈ្មោះ ចក់ ឆុន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចលកអចលនវត្ថុដែលជាទ្រព្យសម្បត្តិសមូហភាព (ដីផ្លូវចូលវត្តគោកបញ្ជាន់) ទំហំ ៧ម៉ែត្រ គុណនឹង ១៥០ម៉ែត្រ កាលពីអំឡុងឆ្នាំ២០១៥។

នៅចំពោះមុខតុលាការនៅគ្រានោះ ព្រះសង្ឃ សេង ថង និងសមាជិកគណៈកម្មការវត្តទាំង ៧នាក់បានសារភាពថា ពិតជាបានលក់ដីផ្លូវចូលវត្តនោះមែន ដោយបានប្រាក់ត្រឹមតែ ៥ម៉ឺនដុល្លារយកទៅកសាងព្រះវិហារអស់ហើយ។

នៅអំឡុងចុងខែកក្កដា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ រឿងរ៉ាវកាន់តែធំរបស់ព្រះសង្ឃ សេង ថង បានកើតមានបន្ទាប់ពីលោក ហេង ចេស្តា ដែលជាម្ចាស់ក្រុមហ៊ុន ហេង ចេស្តា ប្រើកូនចៅមួយក្រុមឲ្យយកបង្គោលថ្មទៅដាំព័ទ្ធយកដីស្រះព្រះទន្លេដែលជាកម្មសិទ្ធិរបស់វត្តគោកបញ្ជាន់ទំហំជិត ៤ហិកតា ដោយអះអាងថា ពួកគេបានទិញពីវត្តតាមផ្លូវច្បាប់។

ក្រោយមកអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា បានចុះទៅបង្ក្រាបបទល្មើសរំលោភយកដីស្រះវត្ត ឃាត់ខ្លួនបានបុរសម្នាក់ឈ្មោះ ហង្ស ពេជ្រ ជាមេការរបស់លោក លោក ហេង ចេស្តា បញ្ជូនទៅតុលាការដាក់គុកតាមច្បាប់។

បន្ទាប់ពីរឿងរ៉ាវ លួចលក់ដីស្រះព្រះទន្លេ និងដីផ្លូវចូលវត្ត ផ្ទុះកាន់តែធំៗទៅ ក្រសួងធម្មការ និងសាសនា បានសហការជាមន្ត្រីមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅស្រាវជ្រាវដល់វត្តគោកបញ្ជាន់តែម្តង ដើម្បីរកឲ្យឃើញការពិត។

ទំនងជាដោយសារតែការពិតត្រូវបានលាតត្រដាងយ៉ាងច្បាស់បែបនេះហើយទើប ឈានដល់ការបញ្ចប់តូនាទីរបស់ព្រះអង្គ សេង ថង ដើម្បីរងចាំចំណាត់ការរបស់តុលាការលើករណីនេះជាបន្តទៀត៕