ក្រុមបច្ចេកទេស EDC ចុះផ្លាស់ប្តូរបង្គោលបណ្តាញតង់ស្យុងមធ្យមទាំងព្រឹក បន្ទាប់ពីត្រូវរថយន្តកុងតឺន័រ បុកបាក់អស់១ដេីម ដូច្នេះនៅទីតាំងមួយចំនួន ក្នុងខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ ពុំមានភ្លេីងអគ្គិសនីប្រេីប្រាស់ទេ!

រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ មានកន្ទុយរថយន្ត ពាក់ស្លាកលេខព្រះសីហនុ 4A-1396 បានបេីកទៅបុកបាក់បង្គោល បណ្តាញតង់ស្យុងមធ្យម (MV) របស់អគ្គិសនីកម្ពុជា បណ្ដាលឲ្យបាក់រលំអស់ចំនួន១ដេីម ធ្វេីឲ្យក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F22) ដើម្បីធ្វើការផ្លាស់ប្តូរបង្គោល សិន ដូច្នេះទីតាំងមួយចំនួននៅ ក្នុងខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ ពុំទាន់មាន ចរន្តអគ្គិសនីប្រេីប្រាស់ទេ ។

ប្រភពពីក្រុមការងារ អគ្គិសនីកម្ពុជា EDC បានអោយដឹងថា នៅវេលាម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F22) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរបង្គោល បណ្តាញតង់ស្យុងមធ្យម (MV) បណ្តាលមកពីរថយន្តកុងតឺន័របុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖(១)ភូមិសំរោងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២) ភូមិម្លប់ពោធិ៍ ភូមិអណ្តូងថ្មី ភូមិបែកបក ភូមិកប់ស្រូវតូច និងធំ ភូមិត្រពាំងវែង ភូមិស្វាយចេក និងភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ក្រុមការងារបច្ចេកទេសរបស់ អគ្គិសនីកម្ពុជា EDC កំពុងចុះធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីឲ្យអតិថិជន ឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែម អំពីការដាច់ចរន្តអគ្គិសនីនេះ យេីងខ្ញុំនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏សូមសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕ (ដោយ បងម៉េង )