ឧកញ៉ា គង់ ក្រឹង ឈ្មួញឈេីដ៏ល្បីល្បាញប្រចាំខេត្តក្រចេះ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
តាមរយៈគណនេយ្យហ្វេសបុក លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មុននេះបន្តិចបានឲ្យដឹងថា៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។
គួររំលឹកផងដែរថា លោកឧកញ៉ា គង់ ក្រឹង ដែលល្បីខាងមុខជំនួញឈើ ត្រូវបានសមត្ថកិច្ចបង្ក្រាបបទល្មើសធនធានធម្មជាតិ កោះហៅឲ្យចូលបំភ្លឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នាពាក់កណ្តាលខែសីហានេះពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
លិខិតកោះហៅចេញថ្ងៃទី ១ ខែ សីហា ចេញដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឲ្យលោកឧកញ៉ាគង់ ក្រឹង ចូលខ្លួនទៅបំភ្លឺនាព្រឹកថ្ងៃទី ១៥ ខែ សីហា ព្រឹកមិញនេះពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ មុននឹងឈានដល់ការឃាត់ខ្លួននៅព្រលប់ថ្ងៃដដែលនេះ។