អាជ្ញាធរជាតិអប្សរា បញ្ឈប់លែងឲ្យមានសកម្មភាពក្រាលកន្ទេល ឬដាក់អង្រឹងអង្គុយលេង នៅជុំវិញតំបន់អង្គរវត្តទៀតហើយ ក្នុងរយៈពេល៤៥ថ្ងៃគិតចាប់ថ្ងៃជូនដំណឹងនេះតទៅ
ដើម្បីលើកកម្ពស់និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមបងប្អូនអាជីវករ និងភ្ញៀវទេសចរទាំងអស់ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ក្នុងរយៈពេល៤៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឲ្យបញ្ឈប់សកម្មភាពទាំងនោះ។ យោងតាមសេចក្តីជូនដំណឹងពីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា បច្ចុប្បន្នមានបងប្អូនអាជីករ និងភ្ញៀវទេសចរណ៍មួយចំនួនបានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីពិសាអាហារ និងលំហែកាយ ដែលសកម្មភាពបែបនេះធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈនៃមរណីយដ្ឋានអង្គរ។ ដើម្បីជ្រាបព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖