សាលាបង្រៀនបើកបរនេះជិត៤ខែ គ្រូបង្រៀនបើកបុកគេស្លាប់ដល់ទៅ២នាក់ ស្រាប់តែថ្ងៃមិញនេះគ្រូបង្រៀនមកពីសាលាដដែល បុកស្រីម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ រវាងរថយន្តរបស់សាលាបង្រៀនបើកបរដែលមានឈ្មោះ និម្មិតមានជ័យ ដែលគេស្គាល់ម្ចាស់សាលាឈ្មោះ សេង គឹមថា បានបុកជាមួយម៉ូតូ នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកចូលទៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ ផល យួង ភេទស្រី អាយុ៦២ឆ្នាំ នៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ជាអ្នករួមដំណើរ ត្រូវជាម្តាយអ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់ឈ្មោះ ជឿង ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិជាមួយគ្នា។
តាមការឲ្យដឹងពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ៖ គ្រូបង្រៀនបើកបររថយន្តបុកម៉ូតូឈ្មោះ ហួ ជា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បើកបររថយន្តម៉ាកកាមារី ពណ៌ស សេរី១៩៩៦ ពាក់ស្លាកលេខ 2Q 5652 ។ មុនពេលកើតហេតុ រថយន្តបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូបានធ្វើដំណើរពីលិចទៅកើត មកដល់កន្លែងកើតហេតុបានប្តូរទិសពីត្បូងទៅជើងជិតផុតហើយក៏ត្រូវរថយន្តបុកចំកន្ទុយម៉ូតូ បណ្តាលឲ្យស្លាប់អ្នករួមដំណើរជាម្តាយ និងកូនអ្នកបើកបរម៉ូតូម៉ាកហុងដា សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1T 5598 រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ តាមការឲ្យដឹងពីឈ្មោះ ហួ ជា ដែរជាគ្រូបង្រៀនបើកបរបង្កគ្រោះថ្នាក់នេះ បានឲ្យដឹងថា ៖ មុនពេលកើតហេតុរូបគេបានបើកឡានតែម្នាក់ឯង មកពីលេងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ពេលត្រឡប់មកវិញក៏ជួបហេតុការណ៍នេះតែម្តង។
បើតាមការឲ្យដឹងពីមជ្ឈដ្ឋានទូទៅបានបង្ហើបឲ្យដឹងថា ៖ គ្រូបង្រៀនបើកបររថយន្ត របស់សាលានិម្មិតមានជ័យនេះ គឺមាន២នាក់ហើយ ដែលបើករថយន្តបុកមនុស្សស្លាប់ ដូចជាលើកទី១ មានឈ្មោះ តើម សុខសាន្ត អាយុ៣៦ ឆ្នាំភេទប្រុស រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបើកឡានម្នាក់ឯងទៅបុកមនុស្សស្លាប់ម្នាក់ និង២នាក់ប្តីប្រពន្ធ បានរងរបួសធ្ងន់ និងស្រាលនៅលើផ្លូវជាតិលេខ៥ ចំណុចបង្គោលគីឡូម៉ែត្រលេខ ៣៧៩-៣៨០ នៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។លើកទី២ គឺជាលើកនេះ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់។ ប្រជាពលរដ្ឋក៏បានបញ្ជាក់ថា ៖ សាលារៀន បើកបរក្នុងខេត្តបន្ទាយមានជ័យ មានច្រើនតែសាលាផ្សេងៗដូចជាគ្មានលឺថាគ្រូបង្រៀនបើកបររថយន្តបើកឡានបុកគេទេ តែបើសាលាបង្រៀនបើកបរនិម្មិតនេះ គ្រាន់តែរយៈពេលជិត៤ខែ គ្រូបង្រៀនបើកឡានបុកគេស្លាប់រហូតដល់ទៅ២នាក់ រងរបួសធ្ងន់ស្រាល៣នាក់ទៅហើយ ដែលធ្វើឲ្យអ្នកមានបំណងចង់រៀនបើកបរមិនហ៊ានដាក់ពាក្យ ព្រោះតែគ្រូបង្រៀនបើកបរស្ទើរភ្លើង៕