រដ្ឋបាល​ក្រុង​ព្រះសីហនុ ចុះ​រុះរើផ្លាក​ហាងចិនមួយកន្លែងឈ្មោះថា«ពិធី​ជប់លៀង​របស់​រដ្ឋ» ដែលប្រើប្រាស់ពាក្យខ្មែរមិនត្រឹមត្រូវ

រដ្ឋបាល​ក្រុង​ព្រះសីហនុ និង​មន្ទីរវប្បធម៌ នៅ​ព្រឹក​ថ្ងៃទី៥ ខែសីហា ២០១៩នេះ បានចុះ​រុះរើផ្លាក​ដែលសរសេរ​ខុសបច្ចេក​ទេស​ ដោយ​ប្រើពាក្យ​ថា «ពិធី​ជប់លៀង​របស់​រដ្ឋ» ស្ថិត​នៅ​ភូមិ ២ សង្កាត់​ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ មន្ដ្រី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ​ បានឲ្យដឹងថា ការលើក​ផ្លាក​យីហោណាមួយ ដោយ​សរសេរ​អក្សរខ្មែរ​មិនត្រឹមត្រូវ ដូចជា ដាក់អក្សរខ្មែរ​នៅក្រោម​ អក្សរ​បរទេស ឬ​ការ​សរសេរ​ពាក្យ​មិនត្រឹមត្រូវ​ណាមួយ​នោះ គឺជា​ការ​ខុស​នឹង​ច្បាប់​របស់​កម្ពុជា។ ដូច្នេះ​ហើយ​ សមត្ថកិច្ច​បាន​ចុះ​មក​ណែនាំ​ហាងចិន​មួយ​កន្លែង ដែល​បាន​ប្រើប្រាស់​ពាក្យ​ខ្មែរ​មិនត្រឹមត្រូវ ដោយប្រើប្រាស់​ពាក្យ​ថា «ពិធីជប់លៀង​របស់​រដ្ឋ»។

មន្ត្រីដដែលបន្ថែមថា សមត្ថកិច្ច​បាន​ធ្វើ​កំណត់​ហេតុ​ និង​ណែនាំ​ដល់​ម្ចាស់​ហាង​ឲ្យ​រុះរើ​យីហោ​របស់​ខ្លួន ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ដោយ​អំឡុងពេល​ធ្វើ​ផ្លាក​ថ្មីមិនទាន់ គឺ​អាច​យក​ក្រណាត់​ក្រហម​​គ្រប​ពី​លើ​ផ្លាក​សិន តែប្រសិន​បើ​មិនអនុវត្តន៍​តាម​ សមត្ថកិច្ច​នឹង​ចុះរុះរើ​ផ្ទាល់ និងហៅម្ចាស់ទៅសួរនាំតែម្តង។
គួររំលឹកផងដែរ កាលពីពេលកន្លងទៅ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ធ្លាប់មានប្រសាសន៍ថា នឹងចាត់វិធានការបន្ត ដោយមិនត្រឹមការកាត់ស្លាកពាណិជ្ជកម្ម ដែលមិនគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា​ ទម្លាក់ចុះនោះទេ ថែមទាំងត្រូវនាំយកម្ចាស់អាជីវកម្មនោះមកកាន់សាលាក្រុង​ ដើម្បីធ្វើការអប់រំ ត្រួតពិនិត្យ ទិដ្ឋការ សៀវភៅការងារ និងផ្អាកអាជីវកម្មនោះ​ ដោយតម្រូវឲ្យស្នើសុំច្បាប់ជាមុនទើប អនុញ្ញាតឲ្យមានអ្នកធានាត្រឡប់ទៅវិញ និងបើកអាជីវកម្មឡើងវិញ។