ព័ត៌មានបឋម! កម្មករ២នាក់ស្លាប់ និងជាង៣០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
ស្វាយរៀង ៖ នាវេលាម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលឲ្យកម្មកររោងចក្រ២នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាង៣០នាក់ផ្សេងទៀត ក្នុងនោះក៏មានកម្មការិនីមានផ្ទៃពោះដែរ ដែលហេតុការណ៍នេះកើតឡើងនៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មុនពេលកើតហេតុ ក្រុមកម្មករ-កម្មការិនីធ្វើដំណើរទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស សាន តុង ដោយរថយន្តកូរ៉េ១គ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តបានបើកវ៉ាម៉ូតូមួយគ្រឿងនៅក្នុងល្បឿនលឿន ហើយគ្រប់គ្រងល្បឿនលែងបានក៏រេចង្កូត បណ្ដាលឲ្យក្រឡាប់តែម្ដង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងបន្តថា អ្នកបើកបររថយន្តកូរ៉េខាងលើទើបតែចេះបើកបរមិនទាន់ស្ទាត់នោះទេ ហើយការដឹកជញ្ជូនកម្មករ-កម្មការិនីនៅព្រឹកថ្ងៃនេះ គឺទើបតែជាលើកដំបូងប៉ុណ្ណោះ។
បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ជីភូ ១៩នាក់ ក្រៅពីនោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទីរួមខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់មានឈ្មោះ ៖
១- រ៉ន ស្រីអូន ភេទស្រី បម្រើការងារនៅរោងចក្រ យូលី
២- គង់ ចន្ធី ភេទប្រុស បម្រើការងារនៅរោងចក្រ យូលី។