ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ស​ ថេ​ត​ អញ្ជើញ​ចុះ​ពិនិត្យ​តាម​បណ្ដា​គោលដៅ​ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

​ភ្នំពេញ​ ៖​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាម​បណ្ដា​គោលដៅ​ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ពិសេស​ការ​រឹត​បណ្ដឹង​ ចំពោះ​អ្នកបើកបរ​ម៉ូតូ​ អ្នក​រួម​ដំណើរ​ ដែល​មិន​ពាក់មួក​សុវត្ថិភាព​។​

​ក្នុង​យុទ្ធនាការ​រយៈពេល​១​ខែ​ ចាប់ពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​តទៅ​ គឺ​អ្នកបើកបរ​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ ប្រសិនបើ​គ្មាន​មួក​សុវត្ថិភាព​ពាក់​នោះ​ទេ​ នឹង​ត្រូវ​ឃាត់​ មិន​ឲ្យ​ធ្វើ​ដំណើរ​ រហូត​ទាល់តែ​មាន​មួក​ពាក់​ ទើប​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត​។​ ក្នុង​យុទ្ធនាការ​នេះ​ មិន​មានការ​ផាកពិន័យ​ជា​ប្រាក់​ឡើយ​។​

​ក្នុង​ពេល​ចុះ​ពិនិត្យ​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នា​ព្រឹក​មិ​ញ​នេះ​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​សង្កេត​ឃើញ​ថា​ មាន​អ្នកបើកបរ​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​មួយ​ចំនួន​ មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​។​ ឯកឧត្ដម​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា​ ពិសេស​ពេល​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ ត្រូវ​ពាក់មួក​សុវត្ថិភាព​។​

​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​ចែក​ជូន​ នូវ​មួក​សុវត្ថិភាព​មួយ​ចំនួន​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព​ផង​ដែរ​ ។​ ជាមួយ​គ្នា​នេះ​ ក្នុង​ពេល​គោរព​ទង់ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ដែរ​ ឯកឧត្ដម​ស្នងការ​ក៏​បាន​ថ្លែងប្រាប់​ ដល់​កម្លាំង​នគរបាល​ រាជធានី​ភ្នំពេញ​ទាំងអស់​ ត្រូវធ្វើ​ជា​គម្រូ​ល្អ​ដល់​ប្រជាពលរដ្ឋ​ ពោល​គឺ​ត្រូវ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ ពិសេស​ត្រូវ​ពាក់មួក​សុវត្ថិភាព​ នៅ​ពេល​បើកបរ​ម៉ូតូ​ជា​និច្ច​៕