ស្ដ្រីដកកាំភ្លើងបាញ់មេឃក្នុងវត្ដព្រោះខឹងលោកសង្ឃ
ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដែលដកកាំភ្លើងបាញ់២គ្រាប់ក្នុងវត្តសារាវន្ត័ចប់ហើយនោ ទើបដឹងរឿងពិតដែលជាដើមចមបណ្តាលឲ្យស្ត្រីដកកាំភ្លើងបាញ់មេឃគឺដោយសារតែខឹងនិងព្រះសង្ឃដាក់អំពើឲ្យប្តីឲ្យធ្លាក់ខ្លួនឈឺ ។
សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីខាងលើមានឈ្មោះផានស្រីលីនអាយុ២៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលផ្លូវលេខ២១៧ជាន់ទី២សង្កាត់អូឬស្សី៤ខណ្ឌ៧មករារាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកណ្ដាលនិងមានប្ដីជាជនជាតិបរទេសធ្វើការនៅប្រទេសថៃ ។
សមត្ថកិច្ចបានបន្ដទៀតថាដើមចងដែលធ្វើឲ្យស្ត្រីខាងលើដកកាំភ្លើងបាញ់មេឃក្នុងវត្ដសារាវន្ត័ គឺ កាល២ឆ្នាំមុនស្ដ្រីខាងលើរួមជាមួយ នឹងស្វាម៉ីបានទៅរកលោក(ព្រះសង្ឃ) ដើម្បីសូត្រមន្តលើករាសីប៉ុន្តែមួយរយៈក្រោយមកប្ដីរបស់ស្ដ្រីខាងលើបានត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញហេីយក៏ធ្លាក់ខ្លួនឈឺ ទើបនៅថ្ងៃកើតហេតុស្ត្រីខាងលើមិនដឹងថាទៅរកគ្រូទាយឯណាទេ?ដឹងថាប្តីរបស់ខ្លួនត្រូវអំពើលោក(ព្រះសង្ឃ)មួយអង្គទើបបើករថយន្តចូលទៅបាញ់មេឃចំនួន២គ្រាប់ដើម្បីគម្រាមលោក(ព្រះសង្ឃ)មួយអង្គតែម្តង។
បច្ចុប្បន្នស្ត្រីបង្កហេតុខាងលើត្រូវបានឃុំខ្លួននៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរបន្ថែមទៀតនឹងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់កាទៅតាមនីតិវិធី៕