ជនបង្កការផ្ទុះអាវុធ បណ្តាលឲ្យនារីម្នាក់ របួសភ្លៅ នៅក្លឹបលុច្សសារី ស្ម័គ្រចិត្តឲ្យប៉េអឹមក្រុងភ្នំពេញចាប់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ នៅម៉ោងប្រមាណ ១៦៖០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកស្រី ញ៉ែម មរកត ដែលជាម្តាយជនសង្ស័យនាំយក កូនមកដល់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ។
សូមបញ្ជាក់ថា នារីម្នាក់ត្រូវបានក្រុមជនសង្ស័យ២នាក់ ផ្ទុះអាវុធចំភ្លៅបណ្តាលឱ្យរងរបួសធ្ងន់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០២នឹង២០នាទីរំលងអាធ្រាត្រ ក្នុងក្លឹបលុច្សសារី ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានទទួលព័ត៌មានថា មានករណីផ្ទុះអាវុធបណ្តាលអោយរងរបួស នៅក្នុងក្លឹបលុច្សសារី។ ភ្លាមនោះកម្លាំងបានចុះដល់មន្ទីរពេទ្យកាល់ម៉ែតជួបជនរងគ្រោះ និងបានបំភ្លឺជាបន្តបន្ទាប់។ ជនរងគ្រោះឈ្មោះ នឹម លីណា ភេទស្រីអាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ជនសង្ស័យមានឈ្មោះ វីន សុក្របញ្ញា អាយុ២៧ ឆ្នាំ និងម្នាក់ទៀតកំពុងរត់គេចខ្លួន ពួកគេទាំង២ នាក់ប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន០២ដើម (ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះករណីផ្ទុះអាវុធ បណ្តាលអោយរងរបួសផ្តើមចេញពីការប្រច័ណ្ឌ៕