សន្តិសុខបុរីប៉េងហ៊ួត​ ៤នាក់ ព្រួតចាប់យុវជនសតិមិនគ្រប់ម្នាក់ ​ចងស្លាបសេក​សង្កត់ពីលេី រហូតថប់ដង្ហេីមស្លាប់​ រួចដឹកតាមរទេះយកទៅទម្លាក់ចោល​មុខការដ្ឋាន ដោយសារ…

រាជធានីភ្នំពេញ​ ៖ (ដំណឹងបឋ​ម)បុរស​មានបញ្ហាសតិម្នាក់ ត្រូវបានក្រុមសន្តិសុខបុរីប៉េងហ៊ួត ចងស្លាបសេក​សង្កត់ពីលេី រហូតដាច់ខ្យល់ស្លាប់​ បន្ទាប់ពីដេីរកាន់ខ្សែក្រវ៉ាត់​ ចូលទៅជិតរោងស្នាក់នៅរបស់កម្មករសំណង់ក្នុងបុរីប៉េងហ៊ួត ដោយមិនដឹងមូលហេតុ​ ហេីយត្រូវបានក្រុមកម្មករសំណង់ឃេីញ​ ក៏ទាក់ទងប្រាប់ក្រុមសន្តិសុខបុរីប៉េងហ៊ួត​ នាំគ្នាព្រួតចាប់​ចង​ស្លាបសេក និងខ្លេសង្កត់ពីលេីរហូតថប់ដង្ហេីមដាច់ខ្យល់​ស្លាប់ រួចលេីដាក់រទេះដឹកយកទៅទម្លាក់ចោល​ នៅមុខការដ្ឋានសំណង់​បុរីប៉េងហ៊ួត​ បង្កការភ្ញាក់ផ្អើល​ដល់ក្រុមគ្រួសារចុះទៅរកមេីល​ រួចដឹកតាមកង់បីយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះទាំងមិនអស់ចិត្ត។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងកាលពី​វេលាម៉ោង០៦ល្ងាច ថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ នៅចំណុចការដ្ឋានសំណង់បុរីប៉េងហ៊ួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

បេីតាមសម្ដីស្ត្រីម្នាក់ដែលជាបង្កេីតសពបុរសរងគ្រោះ​ បានរៀបរាប់ប្រាប់ថា​ បន្ទាប់ពីទទួលបាន​ដំណឹងថា​ ប្អូនប្រុសរបស់ខ្លួនត្រូវបានក្រុមសន្តិសុខ​ ចាប់ចងស្លាបសេក​ នៅក្នុងការដ្ធានសំណង់​ រូបនាងនិងក្រុមគ្រួសារបានប្រញាប់ប្រញាល់ ជិះទៅរកប្អូន​ នៅក្នុងការដ្ធានសំណង់​ខាងលេី​ តែរកមិនឃេីញ ទេីបរូបនាងសួរក្រុមកម្មករសំណង់ស្នាក់នៅការដ្ឋានខាងលេី​ ទេីបដឹងគេដឹកយកមកទម្លាក់ចោល​ នៅមុខការដ្ឋានសំណង់​ហេីយ​ ទេីបនាំគ្នាទៅ​រក​ ឃេីញប្អូនដេកស្ដូកស្ដឹង​ បាត់មាត់ឈឹងទៅហេីយ​ ទេីបនាំគ្នាលេីកឡេីងកង់បី​ ដឹកយកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យបង្អែកជ័យជំនះ​ ក្រុងតាខ្មៅ​ តែពេលទៅដល់​ក្រុមគ្រូពេទ្យបញ្ជាក់ថា​ ប្អូនរបស់ខ្លួន​ បានស្លាប់ហេីយ​ ទេីបប្រញាប់រាយការណ៍ទៅប្តឹងសមត្តកិច្ចមូលដ្ឋាន​ ចុះទៅការដ្ឋានកេីតហេតុខាងលេី​ ដេីម្បីធ្វេីការសាកសួរ​ផងដែរ។

ក្រោយពីទទួលបានការស្នេីសុំដ៏​ខ្លោចចិត្ត​នេះ​ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោ និងកម្លាំងជំនាញពាក់ព័ន្ធ​ នៃអធិការដ្ឋានខណ្ឌដង្កោ​ បានបេីកការស្រាវជ្រាវ ឈានដល់​ឃាត់ខ្លួនជនសង្ស័យដែលជាសន្តិសុខបុរីប៉េងហ៊ួតខាងលេី​បានចំនួន ២នាក់ ក្នុងចំណោម​៤នាក់ យកមកសួរចម្លេីយ​ ។​ ចំណែកបក្ខពួកជនដៃដល់២នាក់ទៀត​ បានរត់គេចខ្លួនបាត់ស្រមោល​ ។

យ៉ាងណាមិញ​ នៅព្រឹកថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៩នេះ សពជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារនាំយកមកវត្តព្រែកថ្លឹង​ សង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ កំពុងតម្កល់រងចាំ​ខាងសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញ ចុះធ្វើការពិនិត្យមើលជាក់ស្ដែង​ដេីម្បីបញ្ជាក់ថា ចំពោះការស្លាប់របស់ជនរងគ្រោះ​ ដោយសារមូលហេតុអ្វីខ្លះ រួចធ្វេីកំណត់ហេតុ​ ប្រគល់និងទទួលយកសព​ ដេីម្បីរៀបចំធ្វេីបុណ្យតាមប្រពៃណីតែម្ដង ដូច្នេះហេីយសូមរងចាំព័ត៌មានពិស្ដារ​បន្តិចទៀត​នេះ…!