ប្រជាពលរដ្ឋហួសចិត្ត និងរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យរដ្ឋ និងឯកជន ខណៈដែលមានជនអនាថាម្នាក់បែកពពុះមាត់មិនមានលុយកាក់ទើបគ្មានរថយន្តសាមុយណាទៅដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ៖ កាលពីវេលាម៉ោង១១នឹង៥៥នាទី ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទង្វើរបស់ក្រុមគ្រូពេទ្យមិត្តភាពខ្មែរសូវៀត (ហៅពេទ្យរុស្សី) ត្រូវបានមហាជនជាច្រើនបានរិះគន់ ចំពោះសកម្មភាពដែលពួកគាត់មានការយឺតយ៉ាវក្នុងការចេញរថយន្តសាម៉ុយមកសង្គ្រោះអ្នកជំងឺ ជាពិសេសរើសអើងលើអ្នកជំងឺ ជាក់ស្តែងមានហេតុការណ៍ភ្ញាក់ផ្អើល ដោយសារតែបុរសម្នាក់ដែលគេស្គាល់ថា ជាជនអនាថាបានដេកប្រកាច់បែកពពុះមាត់នៅមិនឆ្ងាយពីមន្ទីរពេទ្យរុស្សីប៉ុន្មានទេ ប៉ុន្តែពេលដែលប្រជាពលរដ្ឋនាំគ្នាចូលហៅក្រុមគ្រូពេទ្យ ដើម្បីចេញរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅសង្គ្រោះតែបែរជាខាងពេទ្យតំអក់មិនចង់ចេញរថយន្តឡើយរហូតរយៈពេលជាង១ម៉ោង ទើបសម្រេចឃើញរថយន្តសាម៉ុយចេញមកដឹកបុរសអនាថានោះ ទៅកាន់មន្ទីរពេទ្យ។

ចំពោះទង្វើនឹងការតំអក់មិនចង់សង្គ្រោះមនុស្សពីសំណាក់មន្ទីរពេទ្យរដ្ឋមួយ នេះ ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់មានការហួសចិត្តនឹងនិយាយរិះគន់ថា ប្រហែលជាក្រុមគ្រូពេទ្យឃើញថា អ្នកជម្ងឺនោះជាជនអនាថាគ្មានលុយកាកសម្រាប់ចេញថ្លៃព្យាបាលហើយមើលទៅ ទើបគ្រូពេទ្យទាំងនោះ មានការយឺតយ៉ាវក្នុងការសង្គ្រោះមនុស្ស ។

ជាមួយគ្នានោះដែលពួកគាត់ជាពលរដ្ឋបានលើកឡើងថា គួរណាស់តែប្រធានមន្ទីរពេទ្យជាពិសេសក្រសួងសុខាភិបាលពិនិត្យទៅលើអត្តចរិករបស់ក្រុមគ្រូពេទ្យដែលបម្រើការនៅក្នុងពេទ្យរដ្ឋ និងពេទ្យឯកជនមួយចំនួន កុំគិតតែចង់បានលុយច្រើនទើបបានសង្គ្រោះមនុស្ស ។

គួរបញ្ជាក់ថា ក្រោយពីមានការអង្វរករពី សមត្ថកិច្ចនឹងប្រជាពលរដ្ឋ ទើបក្រុមពេទ្យចេញរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ហៅពេទ្យរុស្សី)៕